អាជ្ញាធរអ៊ីរ៉ាក់ បាននិយាយកាលពីថ្ងៃអង្គារថា ជនសង្ស័យប្រហែល ១០.000 នាក់ ត្រូវបានចាប់ខ្លួន នៅទូទាំងប្រទេស ជុំវិញឧក្រិដ្ឋកម្មទាក់ទងនឹងគ្រឿងញៀន រហូតមកទល់ពេលនេះ ក្នុងឆ្នាំនេះ។
លោក ហ៊ូសសេន អាល់តាមីមី (Hussein al-Tamimi) ប្រធានការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៅអគ្គនាយកដ្ឋានកិច្ចការគ្រឿងញៀន និងសារធាតុធ្វើឲ្យប៉ះពាល់ខួរក្បាលនៃក្រសួងមហាផ្ទៃ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ាក់ផ្លូវការ (INA) ថា តុលាការ បានចេញសេចក្តីសម្រេចប្រឆាំងនឹងឧក្រិដ្ឋជនគ្រឿងញៀនជិត ៥.៥០០នាក់។
សារព័ត៌មាន INA បានរាយការណ៍ថា លោក អាល់តាមីមី ក៏បានបញ្ជាក់ផងដែរថា អាជ្ញាធរ បានប្រឹងប្រែងកម្ទេចបណ្តាញអន្តរជាតិ តាមរយៈការចែករំលែកព័ត៌មាន និងការបង្កើតមូលដ្ឋានទិន្នន័យជាមួយប្រទេសដទៃទៀត។
ភាពចលាចល និងជម្លោះ នៅក្នុងប្រទេសអ៊ីរ៉ាក់ ចាប់តាំងពីការឈ្លានពានរបស់សហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០០៣ បានរារាំងរដ្ឋាភិបាលអ៊ីរ៉ាក់ជាបន្តបន្ទាប់ ពីការដោះស្រាយការគំរាមកំហែងនៃគ្រឿងញៀនប្រកបដោយប្រសិទ្ធភាព។
នៅខែឧសភា ឆ្នាំ ២០២៣ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក ម៉ូហាម៉េដា សៀ អាល់ស៊ុដានី (Mohammed Shia'al-Sudani) បានគូសបញ្ជាក់អំពីសារៈសំខាន់នៃ«សង្គ្រាមប្រឆាំងគ្រឿងញៀន» ដោយនិយាយថា ការជួញដូរគ្រឿងញៀន នៅតែជាប្រភពមូលនិធិដ៏សំខាន់សម្រាប់អំពើភេរវកម្ម ហើយចរាចរគ្រឿងញៀន រីកដុះដាលនៅក្រោមស្រមោលនៃអំពើភេរវកម្ម។