របាយការណ៍ថ្មីមួយ នៅថ្ងៃពុធ (ទី២៨ ខែសីហា) នេះ បានឲ្យដឹងថា ភាពល្អប្រសើរគួរឲ្យភ្ញាក់ផ្អើលនៃគុណភាពខ្យល់ នៅអាស៊ីខាងត្បូង ក្នុងឆ្នាំ២០២២ បានជំរុញឲ្យមានការថយចុះនៃការបង្កកខ្វក់ពិភពលោក ដោយអាកាសធាតុដ៏អំណោយផលទំនងជាកត្តាជំរុញ។
យ៉ាងណាក្ដី ស្ថាប័នសន្ទស្សន៍គុណភាពខ្យល់ប្រចាំឆ្នាំ (AQLI) បានព្រមានថា ប៉ុន្តែតំបន់នេះ នៅតែបន្តបញ្ចូលភាពកខ្វក់បំផុតទៅក្នុងបរិកាសរបស់ពិភពលោក ដោយអ្នកស្រុករបស់តំបន់បាត់បង់អាយុសង្ឃឹមរស់ជាង ៣,៥ឆ្នាំ ជាមធ្យម។ ហើយនៅទូទាំងពិភពលោក បណ្ដាប្រទេសភាគច្រើនមិនមានស្តង់ដារការបំពុល ឬមិនបានបំពេញតាមអ្វីដែលពួកគេបានកំណត់នោះឡើយ ដោយធ្វើឲ្យពលរដ្ឋរបស់ប្រទេសទាំងនោះស្រូបចូលនូវគុណភាពខ្យល់មិនល្អ ដែលបណ្តាលឲ្យមានបញ្ហាសុខភាពច្រើនយ៉ាង។
អស់រយៈពេល ២ទស្សវត្សរ៍មកហើយ ការបង្កកខ្វក់ខ្យល់បានកើនឡើងជារៀងរាល់ឆ្នាំ នៅអាស៊ីខាងត្បូង ប៉ុន្តែទិន្នន័យផ្កាយរណប សម្រាប់ឆ្នាំ២០២២ ជាឆ្នាំចុងក្រោយបំផុតដែលអាចរកបាន បានបង្ហាញឲ្យឃើញពីការធ្លាក់ចុះ ១៨ភាគរយគួរឲ្យភ្ញាក់ផ្អើល។
ការធ្លាក់ចុះនេះត្រូវបានកត់ត្រានៅគ្រប់ប្រទេសក្នុងតំបន់ លើកលែងតែប្រទេសស្រីលង្កា។ នេះបើយោងតាមរបាយការណ៍ផលិតដោយវិទ្យាស្ថានគោលនយោបាយថាមពលរបស់សាកលវិទ្យាល័យ Chicago (EPIC)៕