ការលុកលុយរបស់យោធាអ៊ុយក្រែនចូលទៅក្នុងតំបន់ឃើស( Kursk) របស់រុស្ស៊ី បានធ្វើឲ្យខាតបង់យ៉ាងធ្ងន់ធ្ងរ ដោយកងកម្លាំងរបស់ទីក្រុងគីវ មានអ្នកស្លាប់ និងរបួសចំនួន ៦.៦០០នាក់ និងបាត់បង់រថក្រោះចំនួន ៧៣គ្រឿង ក្នុងការវាយលុកឆ្លងព្រំដែនរបស់ពួកគេ។ នេះបើយោងតាមតួលេខចុងក្រោយដែលចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ី។
កងកម្លាំងអ៊ុយក្រែន បានឈ្លានពានតំបន់ឃើស កាលពីថ្ងៃទី ៦ ខែសីហា នៅក្នុងការវាយប្រហារដ៏ធំបំផុតលើទឹកដីរុស្ស៊ីដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ចាប់តាំងពីការចាប់ផ្តើមនៃអរិភាព ក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ ការរុលចូលទៅមុខ ត្រូវបានបញ្ឈប់យ៉ាងឆាប់រហ័សដោយយោធារុស្ស៊ី ប៉ុន្តែការប្រយុទ្ធគ្នានៅក្នុងតំបន់ នៅតែបន្ត ហើយកងទ័ពអ៊ុយក្រែន ក៏នៅបន្តគ្រប់គ្រងកន្លែងតាំងទីលំនៅមួយចំនួន នៅតំបន់ព្រំដែននេះដែរ។
ក្រសួងបានប្រកាសកាលពីថ្ងៃអង្គារថា ក្នុងរយៈពេលបីសប្តាហ៍ ចាប់តាំងពីការលុកលុយបានចាប់ផ្តើម អ៊ុយក្រែន បានបាត់បង់ទាហានជាង ៦.៦០០ នាក់ រថក្រោះចំនួន ៧៣ គ្រឿង រថពាសដែកប្រយុទ្ធថ្មើរជើងចំនួន ៣៤គ្រឿង រថពាសដែកចំនួន ៦២ គ្រឿង រថពាសដែកប្រយុទ្ធចំនួន ៤៣២ គ្រឿង និងរថយន្តចំនួន ២០១គ្រឿងផ្សេងទៀត។