ប្រទេសអូស្ត្រាលី នៅថ្ងៃពុធ (ទី២៨ ខែសីហា) នេះ បាននិយាយថា បណ្ដារដ្ឋកោះប៉ាស៊ីហ្វិក បានគាំទ្រគម្រោងថវិកា ៤០០លានដុល្លារអូស្ត្រាលី (២៧១លានដុល្លារ) ដែលផ្តល់មូលនិធិដោយអូស្ត្រាលី ដើម្បីបង្កើនការបណ្តុះបណ្តាលនគរបាល និងបង្កើតអង្គភាពត្រួតពិនិត្យប្រចាំតំបន់ចល័ត ខណៈទីក្រុង Canberra ប្រឹងប្រែងកាត់បន្ថយឥទ្ធិពលផ្នែកសន្តិសុខរបស់ប្រទេសចិន នៅក្នុងតំបន់នោះ។
បន្ទាប់ពីផែនការនេះត្រូវបានឯកភាពជាឯកច្ឆន្ទ នៅក្នុងកិច្ចប្រជុំរបស់មេដឹកនាំកោះប៉ាស៊ីហ្វិក នៅប្រទេសតុងហ្កា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយថា គំនិតផ្តួចផ្តើមត្រួតពិនិត្យតំបន់ប៉ាស៊ីហ្វិក នឹងបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺននគរបាលចំនួន៤ នៅទូទាំងតំបន់ប៉ាស៊ីហ្វិក ក៏ដូចជាមជ្ឈមណ្ឌលដាច់ដោយឡែកមួយនៅក្នុងទីក្រុង Brisbane។
គួរបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះក៏នឹងបង្កើតកងកម្លាំងនគរបាលពហុប្រទេសដែលអាចដាក់ពង្រាយទៅកាន់ប្រទេសនានា ក្នុងតំបន់ ក្នុងករណីមានព្រឹត្តិការណ៍ធំៗ ឬវិបត្តិនានា។
លោក Albanese បានប្រាប់សន្និសីទសារព័ត៌មាននៅតុងហ្គាថា៖ «ភារកិច្ចដំបូងរបស់មេដឹកនាំអន្តរជាតិ គឺត្រូវថែរក្សាសន្តិសុខ និងសុវត្ថិភាពរបស់អ្នកស្រុករបស់យើង ហើយនោះជាអ្វីដែលគំនិតផ្ដួចផ្ដើមនេះ ត្រូវបានបង្កើតឡើង។ ការធ្វើឲ្យប្រាកដថា ដោយការធ្វើការរួមគ្នា សន្តិសុខនៃតំបន់ទាំងមូលនឹងកាន់តែរឹងមាំ ហើយនឹងត្រូវថែរក្សាដោយពួកយើងផ្ទាល់»។
សូមបញ្ជាក់បន្ថែមថា ប្រទេសចិន គឺជាអ្នកផ្តល់ប្រាក់កម្ចីផ្នែកហេដ្ឋារចនាសម្ព័ន្ធដ៏ធំ នៅក្នុងតំបន់ ហើយឥឡូវនេះកំពុងស្វែងរកតួនាទីកាន់តែធំ នៅក្នុងវិស័យយោធា និងនគរបាល ក៏ដូចជាការតភ្ជាប់ឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយផងដែរ៕