កូរ៉េខាងជើង៖ យោងតាមសារព័ត៌មានរដ្ឋមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង បាននិយាយកាលពីថ្ងៃពុធ ទី១៥ ខែកញ្ញាថា ការអត្ថាធិប្បាយរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in ដែលថា ប្រព័ន្ធមីស៊ីលថ្មីរបស់កូរ៉េខាងត្បូងអាចរារាំងកូរ៉េខាងជើង គឺជារឿងមិនសមហេតុផល និងគួរឱ្យសោកស្តាយ និងអាចប៉ះពាល់ដល់ទំនាក់ទំនងប្រទេសទាំង២។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា លោកស្រី Kim Yo Jong ប្អូនស្រីរបស់មេដឹកនាំ Kim Jong Un បាននិយាយថា សុន្ទរកថារបស់លោក Moon ដែលបានធ្វើឡើងក្នុងពេលបាញ់សាកល្បងមីស៊ីលបាលីស្ទីក បាញ់ចេញពីនាវាមុជទឹកថ្មីរបស់កូរ៉េខាងត្បូងកាលពីថ្ងៃពុធគឺមិនសមរម្យទេ ហើយអាចនាំឱ្យមានការបែកបាក់ប្រសិនបើលោក Moon នៅតែបន្តនិយាយបង្កាច់បង្ខូចកូរ៉េខាងជើង។ ប្អូនស្រីដ៏មានអំណាចរបស់មេដឹកនាំកូរ៉េខាងជើង Kim Jong Un កាលពីថ្ងៃពុធបានរិះគន់ប្រធានាធិបតីកូរ៉េខាងត្បូង និងបានគំរាមកំហែង “បំផ្លាញទាំងស្រុង” នូវទំនាក់ទំនងទ្វេភាគី បន្ទាប់ពីប្រទេសទាំងពីរបានសាកល្បងមីស៊ីលបាលីស្ទីកត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ កូរ៉េខាងជើង និងកូរ៉េខាងត្បូងបានបង្កើនការសាកល្បងមីស៊ីល ខណៈការរត់ប្រណាំងសព្វាវុធកាន់តែឡើងកម្តៅ។ ទាំងកូរ៉េខាងជើង និងកូរ៉េខាងត្បូងបាញ់មីស៊ីលបាលីស្ទីក ខណៈភាពតានតឹងកើនឡើងនៅឧបទ្វីប៕
អត្ថបទ៖ សុខមាន