ភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃពុធនេះ បង្កជាបំណាក់ដីនៅខេត្តភាគខាងត្បូង Caserta ប្រទេសអ៊ីតាលី បង្ខំឲ្យមានការជម្លៀសខ្លួនមនុស្ស ស្របពេលដែលក្រុមជួយសង្រ្គោះ បានព្យាយាមស្វែងរកស្រ្តីម្នាក់ និងកូនប្រុសរបស់គាត់ ដែលបាត់ខ្លួន និងសង្ស័យថាបានស្លាប់ ។
អាកាសធាតុអាក្រក់ បានវាយប្រហារទីក្រុង San Felice a Cancello ស្ថិតនៅចម្ងាយប្រហែល ៣០គ.មភាគឦសានទីក្រុង Naples និងទីក្រុងជិតខាងជាច្រើនទៀត កាលពីរសៀលថ្ងៃអង្គារ ។
មនុស្សបាត់ខ្លួនទាំង ២នាក់ ដែលជាស្រ្តីវ័យជាង ៧០ឆ្នាំ និងកូនប្រុសវ័យជាង ៤០ឆ្នាំរបស់គាត់បានធ្វើដំណើរតាមរ៉ឺម៉កកង់បី ពេលបំណាក់ដីគ្របសង្កត់ពីលើពួកគេ ។ សេវាកម្មសង្រ្គោះបន្ទាន់ បានរកឃើញបំណែករ៉ឺម៉កនៅក្នុងបំណាក់ដី ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Xថា ក្រុមរុករកចំនួន ១០ក្រុម ត្រូវបានដាក់ពង្រាយ ដើម្បីស្វែងរកអ្នកទាំង ២ ហើយបំណាក់ដីនេះ បានបង្ខំឲ្យប្រជាពលរដ្ឋជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ។
សូមបញ្ជាក់ថា អាកាសធាតុអាក្រក់បានវាយប្រហារតំបន់ជាច្រើនរបស់អ៊ីតាលី កាលពីថ្ងៃអង្គារ ក្នុងនោះព្យុះផ្គរន្ទះ និងព្យុះទឹកកក បានវាយប្រហារទីក្រុង Milan និងទីក្រុង Como ក៏ដូចជាតំបន់មាត់សមុទ្រ Tuscan ៕