ប្រភពរដ្ឋាភិបាល បាននិយាយនៅថ្ងៃពុធនេះថា បេសកជនពិសេសរបស់ប្រទេសឆែក គ្រោងនឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង នៅដើមខែក្រោយ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការឧស្សាហកម្មទ្វេភាគីដ៏មានសក្តានុពល បន្ទាប់ពីសម្ព័ន្ធក្រុមហ៊ុនកូរ៉េខាងត្បូងមួយ ត្រូវបានជ្រើសរើសជាអ្នកដេញថ្លៃដែលគេពេញចិត្តសម្រាប់គម្រោងរោងចក្រនុយក្លេអ៊ែរ នៅសាធារណរដ្ឋឆែក។
យោងតាមប្រភពរដ្ឋាភិបាលបានឲ្យដឹងថា គណៈប្រតិភូឆែក ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៦ ខែកញ្ញា ក្នុងអំឡុងពេលដែលពួកគេត្រូវបានគេរំពឹងថា នឹងជួបជាមួយមន្ត្រីជាន់ខ្ពស់ និងទស្សនកិច្ចតាមស្ថាប័នសំខាន់ៗ។
ក្នុងដំណើរទស្សនកិច្ចនេះ មន្ត្រីឆែក បានបង្ហាញពីចេតនាចង់ទៅទស្សនាវិទ្យាស្ថានកូរ៉េសម្រាប់ការអភិវឌ្ឍ នៃបច្ចេកវិទ្យា ដែលជាអង្គការមួយ ស្ថិតនៅក្រោមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល ដើម្បីពិភាក្សាអំពីទំនាក់ទំនងឧស្សាហកម្មទ្វេភាគី។
ដំណើរទស្សនកិច្ចដែលបានគ្រោងទុកនេះ ធ្វើឡើង បន្ទាប់ពីការជ្រើសរើសសម្ព័ន្ធក្រុមហ៊ុនកូរ៉េខាងត្បូងនាពេលថ្មីៗនេះ ដែលដឹកនាំដោយក្រុមហ៊ុន Korea Hydro & Nuclear Power (KHNP) ជាអ្នកដេញថ្លៃដែលគេពេញចិត្តសម្រាប់គម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ នៅសាធារណរដ្ឋឆែក ដែលប៉ាន់ស្មានថាមានតម្លៃប្រហែល ២៤ សែនកោដិវ៉ុន (១៨ ពាន់លានដុល្លារអាមេរិក)។