ប្រទេសហ្វីលីពីនបានលុបចោលការជួញដូររូបិយប័ណ្ណ នៅថ្ងៃពុធ (ទី២៨ ខែសីហា) នេះ បន្ទាប់ពីបានផ្អាកការបំពេញការងារ នៅការិយាល័យរដ្ឋាភិបាល ក្នុងរដ្ឋធានី និងតំបន់ក្បែរនោះ ដោយសារភ្លៀងធ្លាក់ខ្លាំង។
ធនាគារកណ្តាល Bangko Sentral ng Pilipinas របស់ប្រទេស បានឲ្យដឹងនៅលើបណ្ដាញសង្គម Facebook ថា ប្រតិបត្តិការរូបិយវត្ថុរបស់ខ្លួន នឹងត្រូវបិទរយៈពេលមួយថ្ងៃ។ តែបើយោងតាមមន្ត្រី បានឲ្យដឹងថា មានការជួញដូរនៅក្នុងទីផ្សារភាគហ៊ុន និងទីផ្សារប្រាក់ចំណូលថេរ។
នៅមុននេះ មន្ត្រីជាន់ខ្ពស់ហ្វីលីពីន លោក Lucas Bersamin បានផ្អាកថ្នាក់រៀន នៅសាលារដ្ឋ និងការងាររដ្ឋាភិបាល ក្នុងរដ្ឋធានី និងតំបន់ក្បែរៗនោះ ដោយសារភ្លៀងដែលបង្កឡើងដោយខ្យល់មូសុងពីទិសនិរតី នឹងអាចបណ្តាលឲ្យមានទឹកជំនន់យ៉ាងគំហុកភ្លាមៗ។
ទឹកការហៀរផុតទំនប់ដ៏ធំមួយ ក្នុងទីក្រុងម៉ានីល បានបង្កើនហានិភ័យពីការមានទឹកជំនន់ ដែលជំរុញឲ្យការិយាល័យរបស់ប្រធានាធិបតី លោក Ferdinand Marcos Jr ព្រមានអ្នកស្រុកនៅតំបន់ទំនាបឲ្យប្រុងប្រយ័ត្ន។ ទីភ្នាក់ងារឧតុនិយមបានព្រមានអំពីការអាចកើតមានបំណាក់ដី ដោយសារភ្លៀងធ្លាក់ពីមធ្យមទៅច្រើនដែលមាននៅផ្នែកផ្សេងទៀតនៃកោះដ៏សំខាន់ Luzon។ បច្ចុប្បន្នមិនទាន់មានព្យុះស៊ីក្លូនត្រូពិចសកម្ម ក្នុងប្រទេសនេះទេ។
គួរបញ្ជាក់ថា មនុស្សជាង ៣០នាក់ បានបាត់បង់ជីវិត ដោយសារបំណាក់ដី និងទឹកជំនន់ ក្នុងខែកក្កដា នៅប្រទេសហ្វីលីពីន បន្ទាប់ពីព្យុះទីហ្វុង Gaemi បានធ្វើឲ្យមានភ្លៀងមូសុងធ្លាក់កាន់តែខ្លាំងឡើងៗ៕