ប្រទេសរុស្ស៊ី នៅថ្ងៃពុធ (ទី២៨ ខែសីហា) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនចង់ឲ្យទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ប្រកាន់ជំហរ «ប្រកបដោយការមានគោលដៅ និងច្បាស់លាស់បន្ថែមទៀត» ជុំវិញសុវត្ថិភាពនុយក្លេអ៊ែរ ដោយការលើកឡើងនេះ កើតមាននៅមួយថ្ងៃបន្ទាប់ពីប្រធានទីភ្នាក់ងារនេះ បានទៅពិនិត្យមើលរោងចក្រនុយក្លេអ៊ែររុស្ស៊ី នៅជិតកន្លែងដែលអ៊ុយក្រែនបានលុកលុយចូលដែនដីរបស់ប្រទេសនេះ។
ប្រមុខ IAEA លោក Rafael Grossi បានទៅដើរមើលរោងចក្រ នៅតំបន់ Kursk កាលពីថ្ងៃអង្គារ (ទី២៧ ខែសីហា) ហើយបានព្រមានពីការមានគ្រោះថ្នាក់នៃឧបទ្ទវហេតុនុយក្លេអ៊ែរធ្ងន់ធ្ងរ នៅទីនោះ។ លោកបាននិយាយថា លោកបានត្រួតពិនិត្យការខូចខាតពីការវាយប្រហារដោយយានដ្រូនដែលរុស្ស៊ីបានស្ដីបន្ទោសលើអ៊ុយក្រែន ប៉ុន្តែលោកមិនបាននិយាយថា អ្នកណាជាអ្នកទទួលខុសត្រូវនោះឡើយ។
ដោយដកស្រង់សម្តីរបស់អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Maria Zakharova ដែលបាននិយាយនៅក្នុងបទសម្ភាសន៍តាមវិទ្យុ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA បានរាយការណ៍ថា ទីក្រុងមូស្គូចង់ឲ្យ IAEA និយាយឲ្យចំៗ និងច្បាស់ៗជាងនេះ អំពីបញ្ហាសន្តិសុខនុយក្លេអ៊ែរ ទោះបីជាលោកស្រី បានបដិសេធថា ខ្លួនមិនបានទាមទារឲ្យទីភ្នាក់ងារនេះប្រកាន់យកនិន្នាការគាំទ្ររុស្ស៊ីក៏ដោយ។

អ៊ុយក្រែនមិនបានឆ្លើយតបនឹងការចោទប្រកាន់របស់រុស្ស៊ី ដែលថា ខ្លួនបានវាយប្រហាររោងចក្រ នៅតំបន់ Kursk នោះឡើយ ពោលគឺជាតំបន់នៅជិតកន្លែងដែលកងកម្លាំងរបស់ខ្លួន បានបើកការលុកលុយដ៏គួរឲ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃទី៦ សីហា ដែលរុស្ស៊ីនៅតែប្រឹងប្រែងវាយទប់ស្កាត់។ ការប្រយុទ្ធគ្នាបានកើតឡើងប្រហែល ៤០គីឡូម៉ែត្រពីទីកន្លែងនោះ។
អំឡុងដំណើរទស្សនកិច្ចរបស់លោក លោក Grossi បាននិយាយថា រោងចក្រដែលសាងសង់ឡើងតាមការរចនាបែបសូវៀត មានភាពងាយរងគ្រោះជាពិសេស ដោយសារតែមិនដូចស្ថានីយ៍ថាមពលនុយក្លេអ៊ែរទំនើបភាគច្រើននោះទេ រោងចក្រនេះខ្វះកន្លែងផ្ទុកដែលអាចផ្តល់ការការពារ ក្នុងករណីមានការវាយប្រហារដោយយានដ្រូន មីស៊ីល ឬកាំភ្លើងធំ៕
