ភ្នំពេញ ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានកំណត់ពេលវេលាច្បាស់លាស់ហើយ ដើម្បីចាក់វ៉ាក់សាំងការពារឆ្លងជំងឺកូវីដ១៩ ចំពោះកុមារចាប់ពីអាយុ៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ នៅ៩ក្រុង-ស្រុក ទូទាំងខេត្ត ដោយដំណើរការចាក់ នឹងចាប់ផ្ដើម ពីថ្ងៃទី១៨ ខែកញ្ញា គ្រោងនឹងបញ្ចប់នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានមានប្រសាសន៍ថា សម្រាប់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់អាយុក្រោម១២ នៅទូទាំងខេត្ត គ្រោងនឹងទទួលវ៉ាក់សាំងការពារឆ្លងជំងឺកូវីដ១៩ មានចំនួន ៩៣ ៣៩២នាក់ (ស្រី ៤៥ ៧៨១នាក់) ខណៈទីតាំងដែលត្រូវចាក់ ក៏បានកំណត់រួចរាល់ហើយដែរ ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ទីកន្លែងដែលចាក់វ៉ាក់សាំង មាននៅតាមមណ្ឌលសុខភាពតាមឃុំ-សង្កាត់ របស់ក្រុង-ស្រុក ទូទាំងខេត្តបន្ទាយមានជ័យ ហើយពេលមកចាក់ ត្រូវមានភ្ជាប់ជាមួយសំបុត្រកំណើត ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតឆ្លងដែន ឬលិខិតបញ្ជាក់ផ្សេងៗពីអាជ្ញាធរមូលដ្ឋាន ។ ការចាក់វ៉ាក់សាំងនេះ ត្រូវមានមាតា បិតា ឬអាណាព្យាបាលនាំកុមារ មកទទួលវ៉ាក់សាំងការពារឆ្លងជំងឺកូវីដ១៩ ហើយការចាក់នេះ គឺធ្វើឡើងដោយស្ម័គ្រចិត្ត និងមិនមានបង់ថវិកាឡើយ ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាមាតា បិតា និងអាណាព្យាបាលសូមចូលរួមនាំកុមារមានអាយុចាប់ពី៦ ដល់ក្រោម១២ឆ្នាំ ទៅទទួលវ៉ាក់សាំងការពារឆ្លងជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា និងសូមចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការសុខាភិបាល ៣កុំ ៣ការពារ ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ។
ឯកឧត្តម អ៊ុ រាត្រី បានបញ្ជាកថា ខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់ពលរដ្ឋចាប់ពីអាយុ១២ឆ្នាំ រហូតដល់អាយុលើ១៨ឆ្នាំ បានចំនួនជាង ៤៧ម៉ឺននាក់ ស្មើនឹង ៧៥ភាគរយ ខណៈផែនការដែលត្រូវចាក់ទូទាំងខេត្តមានចំនួនជាង ៦៣ម៉ឺននាក់ ៕

អត្ថបទ ៖ សុខរិទ្ធ