អ្នកនាំពាក្យមន្ទីរបច្ចកោណ បាននិយាយថា នាវាដឹកប្រេងឆៅដោតទង់ជាតិក្រិក Sounion ដែលរងការវាយប្រហារកាលពីពេលថ្មីៗនេះដោយក្រុមឧទ្ទាមហ៊ូទីយេម៉ែន នៅបន្តឆាបឆេះក្នុងសមុទ្រក្រហម ហើយឥឡូវវាទំនងជាលិចប្រេង ។
នាវា Sounion បានក្លាយជាគោលដៅវាយប្រហារកាលពីសប្តាហ៍មុនដោយកាំជ្រួចផ្លោងជាច្រើនគ្រាប់ជិតទីក្រុងកំពង់ផែ Hodeidah ប្រទេសយេម៉ែន ។
ក្រុមឧទ្ទាមហ៊ូទីដែលគ្រប់គ្រងតំបន់មានមនុស្សរស់នៅច្រើនបំផុតនៅក្នុងប្រទេសយេម៉ែន និយាយថា ពួកគេបានវាយប្រហារនាវាមួយគ្រឿងនេះនៅក្នុងសមុទ្រក្រហម ជាការបង្ហាញសាមគ្គីភាពជាមួយជនប៉ាឡេស្ទីននៅក្នុងសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សា ។
លោកឧត្តមសេនីយ៍ឯក Patrick Ryder គឺជាមេបញ្ជាការកងទ័ពអាកាស និងជាអ្នកនាំពាក្យមន្ទីរបច្ចកោណ បាននិយាយថា ភាគីទី ៣ បានព្យាយាមបញ្ជូននាវាសណ្តោង ២គ្រឿង ដើម្បីសង្រ្គោះនាវា Sounion ប៉ុន្តែក្រុមឧទ្ទាមហ៊ូទី បានគំរាមវាយប្រហារពួកគេ ។
លោកថា នាវាដឹកប្រេងមួយគ្រឿង បានដឹកប្រេងឆៅចំណុះ ១លានបារ៉ែល ។
ក្រុមឧទ្ទាមហ៊ូទីដែលគាំទ្រដោយអ៊ីរ៉ង់ បានបាញ់ពន្លិចនាវា ២គ្រឿង និងសម្លាប់ក្រុមនាវិក ៣នាក់ នៅក្នុងយុទ្ធនាការរយៈពេល ១០ខែរបស់ពួកគេ ដែលបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការដឹកជញ្ជូនតាមមហាសមុទ្រ ដោយបង្ខំឲ្យម្ចាស់នាវាងាកចេញពីការធ្វើដំណើរឆ្លងកាត់ផ្លូវកាត់នៅព្រែកជីក Suez ៕