អាជ្ញាធរថៃ នៅថ្ងៃពុធ (ទី២៨ ខែសីហា) នេះ បានប្រាប់ឲ្យដឹងថា យ៉ាងហោចណាស់ក៏មានអ្នកស្លាប់ ៦នាក់ ហើយជាង ២០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីបានផឹកស្រាខុសច្បាប់មានលាយសារធាតុមេតាណុល។
រដ្ឋបាលរបស់រាជធានីថៃ បាននិយាយថា ការស្លាប់នេះបានកើតឡើងដោយភាគច្រើន នៅក្នុងសង្កាត់ Khlong Sam Wa នៅភាគពាយ័ព្យនៃទីក្រុងបាងកក ជាកន្លែងដែលអាជ្ញាធរបានរកឃើញកន្លែងលក់គ្រឿងស្រវឹងខុសច្បាប់ចំនួន ១៩កន្លែង។
រដ្ឋបាលក្រុងបាងកក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្ស ៦នាក់ បានបាត់បង់ជីវិត នៅមន្ទីរពេទ្យ និង ២២នាក់ទៀត ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នាព្រឹកថ្ងៃពុធនេះ។
សាច់ញាតិម្នាក់របស់អ្នកផឹកស្រានោះ បានប្រាប់ទូរទស្សន៍ ThaiPBS ថា៖ «បន្ទាប់ពីបរិភោគរួច ឪពុករបស់ខ្ញុំ បានប្រាប់ថា រោគសញ្ញាធ្វើឲ្យគាត់នឹកឃើញដល់ការច្រាលទឹកអាស៊ីតក្រពះ ហើយរឿងបន្ទាប់ដែលគាត់ចងចាំបាននោះ គឺគាត់នៅក្នុងបន្ទាប់ ICU (បន្ទប់សង្គ្រោះបន្ទាន់)»។
មន្ត្រីមូលដ្ឋានជាន់ខ្ពស់នៅសង្កាត់ Khlong Sam Wa គឺលោក Somwang Chaiprakraiwan បាននិយាយថា អាជ្ញាធរបាន និងកំពុងបង្ក្រាបហាងស្រាខុសច្បាប់ នៅក្នុងតំបន់នេះ។
ស្រាខុសច្បាប់ច្រើនតែ ត្រូវបានលាយបញ្ចូលជាមួយសារធាតុមេតាណុល ដើម្បីបង្កើនកម្រិតរបស់វា។ ប្រសិនបើលេបវាចូលពោះ ជាតិមេតាណុលអាចបណ្ដាលឲ្យងងឹតភ្នែក ខូចថ្លើម និងស្លាប់៕