នៅថ្ងៃពុធនេះ តំបន់រស់នៅរបស់អ្នកស្រុកជាច្រើន បានរងការជន់លិចក្នុងទឹកជំនន់បង្កឡើងដោយសារភ្លៀងធ្លាក់នៅរដ្ឋ Gujarat ប្រទេសឥណ្ឌា ។
ប្រជាពលរដ្ឋ គ្មានកន្លែងត្រូវទៅនោះទេ ដោយសារទឹកជំនន់ ពេលដែលពួកគេដើរលុកទឹកតាមផ្លូវ ក្នុងនោះរថយន្តតូច-ធំ ស្ទើតែលេចលង់ទាំងស្រុង ។

ក្រុមមន្រ្តី បាននិយាយកាលពីថ្ងៃចន្ទថា មនុស្សយ៉ាងហោច ៩៩នាក់ បានស្លាប់ នៅក្នុងរដ្ឋ Gujarat ដោយសារឧបទ្ទេវហេតុពាក់ព័ន្ធនឹងភ្លៀងធ្លាក់ ចាប់តាំងពីរដូវវស្សាចាប់ផ្តើម ។
ការិយាល័យឧតុនិយមរដ្ឋ Gujarat បានចេញការប្រកាសអាសន្នពីភ្លៀងធ្លាក់ខ្លាំង និងណែនាំឲ្យប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះ និងប្រុងប្រយ័ត្នខ្ពស់ ។
លោក Dinesh Trakeគឺជាពលរដ្ឋមួយរូប និយាយថា លែងមានសល់អ្វីទៀតហើយនៅក្នុងទីក្រុង Vadodara គ្មានទេប្រព័ន្ធលូត្រឹមត្រូវ ។
លោកបន្តថា នេះមិនមែនជាលើកដំបូងនោះទេដែលទឹកជំនន់នេះ បានកើតឡើង វាកើតឡើងរាល់ឆ្នាំឲ្យតែដល់រដូវភ្លៀងធ្លាក់ខ្លាំង ៕


