យោងតាមប្រភពពីប៉ាឡេស្ទីន និងអ៊ីស្រាអែល បានឲ្យដឹងថា នៅថ្ងៃពុធនេះ កងទ័ពអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំ នៅក្នុងជំរុំ Jenin, Tulkarm និង Tubas នៅភាគខាងជើងតំបន់វេសបែង ( West Bank)
លោក Avichai Adraee អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«កងកម្លាំងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធានៅជំរំ Jenin, Tubas និង Tulkarm ដើម្បីទប់ស្កាត់អំពើភេរវកម្ម»។
ប្រភពប៉ាឡេស្ទីន បានប្រាប់សារព័ត៌មានស៊ីនហួថា កម្លាំងធំៗរួមជាមួយនឹងគ្រឿងចក្រឈូសឆាយដ៏ច្រើនសន្ធឹកសន្ធាប់ បានចូលរួមក្នុងប្រតិបត្តិការនៅទីក្រុងជេនីន( Jenin)។
ប្រភពបានបន្ថែមថា រថយន្តយោធារបស់អ៊ីស្រាអែល បានវាយលុកទីក្រុងនេះ ពីទិសដៅជាច្រើន ដោយវាយលុកទៅលើសង្កាត់នានា និងជំរុំជនភៀសខ្លួន។
យោងតាមក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅទីក្រុងរ៉ាម៉ាឡា ( Ramallah) ជនជាតិប៉ាឡេស្ទីនពីរនាក់ បានស្លាប់ និងពីរនាក់ផ្សេងទៀត បានរងរបួសដោយការបាញ់ប្រហាររបស់កងទ័ពអ៊ីស្រាអែល នៅភាគខាងជើងទីក្រុងជេនីន។