ប្រភពចំនួន៣ ពីអ្នកការទូត និងរដ្ឋាភិបាលសូម៉ាលី បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃអង្គារ (ទី២៧ ខែសីហា) ប្រទេសអេហ្ស៊ីបបានផ្តល់ជំនួយយោធារបស់ខ្លួនដល់ប្រទេសសូម៉ាលី ដែលជាលើកដំបូងក្នុងរយៈពេលជាង ៤ទសវត្សរ៍។
ប្រទេសអេហ្ស៊ីប និងសូម៉ាលី បានមានភាពជិតស្និទ្ធជាមួយកាន់តែខ្លាំងឡើងៗ នៅឆ្នាំនេះ បន្ទាប់ពីប្រទេសអេត្យូពី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំបូងជាមួយតំបន់ផ្ដាច់ខ្លួន គឺសូម៉ាលីឡែន ដើម្បីជួលដីឆ្នេរសមុទ្រ ជាថ្នូរនឹងការទទួលស្គាល់ឯករាជ្យរបស់ដែនដីនេះពីប្រទេសសូម៉ាលី។
រដ្ឋាភិបាលទីក្រុង Mogadishu បានហៅកិច្ចព្រមព្រៀងនេះថា ជាការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន ហើយបាននិយាយថា ខ្លួននឹងរារាំងកិច្ចព្រមព្រៀងនោះតាមមធ្យោបាយចាំបាច់ទាំងអស់។
អេហ្ស៊ីប ដែលមានជម្លោះជាមួយអេត្យូពីអស់រយៈពេលជាច្រើនឆ្នាំមកហើយ ជុំវិញការសាងសង់ទំនប់វារីអគ្គិសនីដ៏ធំល្វឹងល្វើយរបស់ទីក្រុង Addis Ababa នៅផ្នែកខាងលើនៃទន្លេ Nile បានថ្កោលទោសកិច្ចព្រមព្រៀងរបស់ប្រទេសសូម៉ាលីឡែន។ ប្រទេសនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយទីក្រុង Mogadishu កាលពីដើមខែនេះ ហើយបានស្នើបញ្ជូនទាហានទៅកាន់បេសកកម្មរក្សាសន្តិភាពថ្មី នៅក្នុងប្រទេសសូម៉ាលី។
នៅមុននេះ សូម៉ាលីបានគម្រាមបណ្ដេញកងទ័ពរហូតដល់ ១០.០០០នាក់របស់អេត្យូពី ដែលមានវត្តមាននៅទីនោះ ជាផ្នែកនៃបេសកកម្មរក្សាសន្តិភាព និងក្រោមកិច្ចព្រមព្រៀងទ្វេភាគី ដើម្បីប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធ al Shabaab ប្រសិនបើកិច្ចព្រមព្រៀងមិនត្រូវបានលុបចោលទេនោះ។
ដោយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ អ្នកការទូត ២រូប និងមន្ត្រីជាន់ខ្ពស់សូម៉ាលី បានប្រាប់សារព័ត៌មាន Reuters ថា យន្តហោះយោធាអេហ្ស៊ីបចំនួន២ បានទៅដល់អាកាសយានដ្ឋាន Mogadishu កាលព្រឹកថ្ងៃអង្គារ ជាមួយនឹងអាវុធ និងគ្រាប់រំសេវ៕