រូបភាពវីដេអូឃ្លីបនៅថ្ងៃពុធនេះឃើញបុគ្គលិកជួយសង្រ្គោះជប៉ុន ទាញអ្នករស់រានម្នាក់ពីផ្ទះរងការខូចខាតក្នុងបំណាក់ដីស្លាប់មនុស្ស ស្ថិតនៅតំបន់ភាគកណ្តាលប្រទេសជប៉ុន ដែលបង្កឡើងដោយសារព្យុះទីហ្វុង Shanshan ។
បំណាក់ភក់ និងកម្ទេចកម្ទី បានកប់ពន្លិចគ្រួសារមានសមាជិក ៥នាក់ កាលពីវេលាម៉ោង ១០យប់ម៉ោងក្នុងស្រុកថ្ងៃអង្គារ នៅទីក្រុង Gamagori ខេត្ត Aichi បណ្តាលឲ្យមនុស្សម្នាក់ រងរបួសធ្ងន់ និងមនុស្ស ២នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ។
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា ប្តីប្រពន្ធ ២នាក់ មានវ័យជាង ៧០ឆ្នាំ និងកូន ៣នាក់របស់ពួកគេ ត្រូវបានកប់ក្រោមបំណាក់ដី ។
យោងតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋជប៉ុន NHK បានឲ្យដឹងថា ភ្លៀងធ្លាក់កម្ពស់ប្រហែល ១៣៨,៥មីលីម៉ែត្រ ត្រូវបានរកឃើញ គិតត្រឹមវេលាម៉ោង ១១យប់ម៉ោងក្នុងស្រុកថ្ងៃអង្គារ ចាប់តាំងពីភ្លៀងបានបង្អុរចុះកាលពីរសៀលថ្ងៃចន្ទ ៕


