រដ្ឋអាជ្ញាស៊ុយអែត នៅថ្ងៃពុធ (ទី២៨ ខែសីហា) នេះ បានប្រាប់ឲ្យដឹងថា ពួកគេនឹងកាត់ទោសបុរស ២នាក់ ពាក់ព័ន្ធនឹងការដុតគម្ពីរកូរ៉ាន នៅក្នុងឧប្បត្តិហេតុជាបន្តបន្ទាប់ កាលពីឆ្នាំមុន ដែលបានជំរុញឲ្យមានការក្រេវក្រោធ នៅក្នុងពិភពអ្នកកាន់សាសនាអ៊ិស្លាម និងបង្កើនការភ័យខ្លាចថា មានការវាយប្រហារដោយពួកជីហាដ។
អាជ្ញាធរអយ្យការស៊ុយអែតបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា បុរសទាំង ២រូប បានប្រព្រឹត្ត «បទល្មើសដោយបង្កចលាចលប្រឆាំងនឹងក្រុមជនជាតិភាគតិច ឬជាតិសាសន៍មួយ» រយៈពេល ៤ដងដាច់ដោយឡែកពីគ្នា នៅពេលដែលបានដុតក្បួនតម្រាដ៏ពិសិដ្ឋរបស់សាសនាអ៊ិស្លាម នៅខាងក្រៅវិហារអ៊ិស្លាម និងកន្លែងសាធារណៈដទៃទៀត។
គួរបញ្ជាក់ថា សេវាសន្តិសុខក្នុងស្រុករបស់ប្រទេសស៊ុយអែត បានបង្កើនកម្រិតប្រកាសអាសន្ន អំពីអំពើភេរវកម្ម បន្ទាប់ពីមានការដុតនោះ ខណៈប្រទេសជិតខាងដាណឺម៉ាកដែលបានជួបប្រទះនឹងការដុតគម្ពីរកូរ៉ានដូចគ្នាដែរ បានរឹតបន្តឹងច្បាប់របស់ខ្លួន ដើម្បីចាត់ទុកថា ការធ្វើបែបនេះ គឺខុសច្បាប់។
មេធាវីរបស់ជនជាប់ចោទ លោក Mark Safaryan បានប្រាប់សារព័ត៌មាន Reuters នៅថ្ងៃពុធនេះថា កូនក្ដីរបស់ខ្លួន គឺលោក Salwan Najem បានបដិសេធមិនបានប្រព្រឹត្តខុសអ្វីឡើយ។ ចំណែកមេធាវីរបស់ជនជាប់ចោទឈ្មោះ Salwan Momika មិនឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ៕