រដ្ឋាភិបាលស្លូវ៉ាគី នៅថ្ងៃពុធ (ទី២៨ ខែសីហា) បានអនុម័តយល់ព្រមលើផែនការទិញប្រព័ន្ធការពារដែនអាកាសចល័តចំនួន ៦គ្រឿងពីអ៊ីស្រាអែលក្នុងតម្លៃ ៥៥៤,៣លានអឺរ៉ូ (៦១៦,៨៨លានដុល្លារ) ខណៈដែលរដ្ឋជាសមាជិករបស់អង្គការណាតូមួយនេះ ពង្រឹងការការពារដែនអាកាសរបស់ខ្លួន។ នេះបើយោងតាមការឲ្យដឹងនៅលើគេហទំព័ររបស់រដ្ឋាភិបាល។
ជាមួយគ្នានេះ រដ្ឋាភិបាលក៏បានយល់ព្រមលើការទិញរថយន្តធុនធ្ងន់ 6x6 និង 8x8 ជាង ១.៣០០គ្រឿងដែលជាការទិញរួមគ្នាជាមួយសាធារណរដ្ឋឆែក តាមការប៉ាន់ប្រមាណក្នុងតម្លៃ ៧០៨,៣លានអឺរ៉ូ ដែលនឹងយកមកជំនួសរថយន្តចាស់ៗរបស់ខ្លួន។ ស្លូវ៉ាគីដែលអ្នកជិតខាងរបស់ខ្លួន គឺអ៊ុយក្រែន បានប្រឹងប្រែងទប់ទល់នឹងការលុកលុយរបស់រុស្ស៊ី តាំងពីឆ្នាំ២០២២ មក បានព្យាយាមបង្កើនសមត្ថភាពការពារដែនអាកាស។
ការទិញនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អង្គការណាតូ ក្នុងពង្រឹងខ្សែព្រំដែនភាគខាងកើតរបស់សម្ព័ន្ធភាពយោធា។ រដ្ឋមន្ត្រីការពារជាតិ លោក Robert Kalinak បាននិយាយថា អាទិភាពចម្បងគួរតែស្ថិតនៅលើសមត្ថភាពការពារជាតិ ជាពិសេសការការពារដែនអាកាស។ កាលពីខែមុន ប្រទេសនេះបានទទួលយន្តហោះចម្បាំង F-16 ២គ្រឿងដំបូង ក្នុងចំណោម ១៤ថ្មីគ្រឿង។
យ៉ាងណាក្ដី រដ្ឋាភិបាលមិនបានប្រាប់ឈ្មោះប្រព័ន្ធការពារដែលត្រូវទិញពីអ៊ីស្រាអែល ក្នុងកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាល និងរដ្ឋាភិបាលនោះទេ។ ក្រសួងការពារជាតិបានឲ្យដឹងនៅក្នុងឯកសារមួយដែលបានចេញផ្សាយនៅថ្ងៃពុធនេះថា ប្រទេសស្លូវ៉ាគីដំណើរការប្រព័ន្ធការពារដែនអាកាសកម្រិតមធ្យម 2K12 KUB ដែលបានស្ថិតនៅក្នុងវដ្ដជីវិតប្រតិបត្តិការចុងក្រោយរបស់វា៕