នៅវ័យ ៧៧ឆ្នាំ លោក Yasuyuki Kurosawa នៅតែបន្តមើលថែដំណាំរបស់លោកដដែល បើទោះបីជាសីតុណ្ហភាពហក់ឡើងខ្ពស់ ហើយអាកាសធាតុក្តៅខ្លាំងយ៉ាងណាក្តី អំឡុងរដូវក្តៅនៅប្រទេសជប៉ុន ។
លោកស្ថិតនៅក្នុងចំណោមប្រជាកសិករមានវ័យចំណាស់កើនឡើងរបស់ជប៉ុន ដែលប្រឈមហានិភ័យខ្លាំងជាងអ្នកដែលធ្លាក់ខ្លួនឈឺទៅទៀត ឬអាចនឹងទទួលមរណភាពដោយសារការធ្វើការក្រោមកម្តៅខ្លាំងបែបនេះ ។
ប៉ុន្តែលោក Kurosawa យល់ឃើញថា លោកគ្មានជម្រើសនោះទេ ក្រៅពីបន្តការងារមួយនេះ ។
លោកនិយាយថា មានមនុស្ស ៣នាក់ក្នុងចំណោមពួកយើង រួមទាំងកូនស្រីរបស់លោក ធ្វើការនៅទីនេះ ដូច្នេះហើយខ្ញុំមិនអាចចាកចេញទៅណាបាននោះទេ ។ និយាយតាមត្រង់ទៅ ខ្ញុំប្រឹងធ្វើការខ្លាំងណាស់ ដើម្បីឲ្យអ្វីៗមិនទាន់ហួសពេល ។
លោកនិយាយទៀតថា មានគេនិយាយច្រើនណាស់ពីជំងឺសុរិយរោគ ដូច្នេះហើយពួកយើងជាកសិករត្រូវតែប្រុងប្រយ័ត្នខ្ពស់ ដូចដែលពួកយើងមិនគួរធ្វើការនៅពេលថ្ងៃត្រង់ និងងាកទៅរកធ្វើការនៅពេលព្រឹក ឬពេលល្ងាចវិញ ។
គ្រួសារលោក Kurosawa ដាំស្រូវ ស្ពៃក្តោប ស្រូវសាលី និងពោត នៅខេត្តភាគកណ្តាល Gunma ។ ចំណែកឯកូនប្រុសវ័យ ៣៩ឆ្នាំរបស់លោកតា Kurosawa គឺលោក Yukihiro បានធ្វើការនៅក្នុងកសិដ្ឋានជាមួយឪពុករបស់គាត់ដែរ ។
លោក Yukihiro និយាយថា លោកទទួលទានទឹក ១០ដបក្នុង ១ថ្ងៃ ដើម្បីរក្សាជាតិទឹកក្នុងខ្លួន និងពាក់អាវស្តើងៗ ។ លោក បន្តថា ខ្ញុំពិតជាមានការព្រួយបារម្ភខ្លាំងណាស់ថា វានឹងកាន់តែក្តៅទៅៗជារៀងរាល់ឆ្នាំ ប៉ុន្តែអ្នកមិនអាចផ្លាស់ប្តូររដូវបាននោះទេ ដូច្នេះហើយពេលវាក្តៅ ពួកយើងត្រូវតែប្រុងប្រយ័ត្ន និងត្រូវចេញទៅធ្វើអ្វីដែលពួកយើងត្រូវធ្វើ ៕