សភារបស់ប្រទេសកូរ៉េខាងត្បូង បានអនុម័តច្បាប់មួយកាលពីថ្ងៃពុធ (២៨ សីហា) អនុញ្ញាតឱ្យគិលានុបដ្ឋាយិកាមានសិទ្ធិធ្វើនីតិវិធីវេជ្ជសាស្រ្តមួយចំនួនដែលជាធម្មតាធ្វើឡើងដោយវេជ្ជបណ្ឌិត ខណៈបុគ្គលិកថែទាំសុខភាពផ្នែកនេះបានអំពាវនាវឱ្យមានការការពារផ្នែកច្បាប់កាន់តែច្រើនជាងមុន ស្របពេលមានកូដកម្មរបស់វេជ្ជបណ្ឌិតដ៏អូសបន្លាយ។

ជាច្រើនឆ្នាំមកនេះ ក្រុមគិលានុបដ្ឋាយិកា និងសហជីពបានជំរុញឱ្យមានច្បាប់គាំទ្រគិលានុបដ្ឋាយិកាដើម្បីកែលម្អលក្ខខណ្ឌការងារ ប៉ុន្តែការប៉ុនប៉ងរបស់ពួកគេត្រូវបានរារាំងដោយការប្រឆាំងយ៉ាងតឹងរ៉ឹងពីវេជ្ជបណ្ឌិត និងកង្វះការយល់ស្របទ្វេភាគី។

ប៉ុន្តែក្តីបារម្ភបាននិងកំពុងកើនឡើងពីបន្ទុកកាន់តែធំទាំងលើផ្នែកច្បាប់ និងការងារ ដែលគិលានុបដ្ឋាយិកាត្រូវរ៉ាប់រង ចាប់តាំងពីគ្រូពេទ្យហាត់ការរាប់ពាន់នាក់បានចាប់ផ្តើមចេញតវ៉ានៅទូទាំងប្រទេសក្នុងខែកុម្ភៈ ប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្នុងការបង្កើនចំនួននិស្សិតចូលរៀននៅសាលាវេជ្ជសាស្ត្រ។
ច្បាប់ចុងក្រោយនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងក្រាលមូលដ្ឋានគ្រឹះផ្លូវច្បាប់សម្រាប់វិធានការរបស់រដ្ឋាភិបាល ដោយអនុញ្ញាតឱ្យគិលានុបដ្ឋាយិកាដែលជាជំនួយការវេជ្ជបណ្ឌិត អាចអនុវត្តនីតិវិធីវេជ្ជសាស្រ្តមួយចំនួន។ សមាគមគិលានុបដ្ឋាយិកាកូរ៉េបានស្វាគមន៍ចំពោះច្បាប់នេះ ដោយនិយាយថាវាជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរយៈពេល ១៩ឆ្នាំ។ ប៉ុន្តែសមាគមគ្រូពេទ្យកូរ៉េ ដែលជាក្រុមវេជ្ជបណ្ឌិតដ៏ធំបំផុត ចោទប្រកាន់រដ្ឋាភិបាលថាបានបង្កជម្លោះរវាងបុគ្គលិកមន្ទីរពេទ្យ ហើយនិយាយថាច្បាប់ថ្មីនេះនឹងធ្វើឱ្យប៉ះពាល់ដល់អ្នកជំងឺ៕