ព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយបានវាយប្រហារភាគខាងត្បូងប្រទេសជប៉ុន ដោយមានភ្លៀងធ្លាក់ និង ខ្យល់បោកបក់ខ្លាំងនៅថ្ងៃព្រសហ្បតិ៍សប្ដាហ៍នេះ ឆក់យកជីវិតមនុស្ស៣នាក់ ខណៈមានក្ដីបារម្ភកាន់តែខ្លាំងពីគ្រោះបំណាក់ដី និងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។

ព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយនេះបានបោកបក់លើកោះ ឃ្យូស៊ូ (Kyushu) ភាគខាងត្បូងរបស់ប្រទេសជប៉ុន ដែលមានប្រជាជនចំនួន ១២,៥លាននាក់។

ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បាននិយាយថា ព្យុះទីហ្វុង សានសាន (Shanshan) បានវាយប្រហារនៅជិតទីក្រុង សាតស៊ូម៉ាសេនដៃ (Satsumasendai) ក្នុងខេត្ត កាហ្គូស៊ីម៉ា (Kagoshima) នៅម៉ោងប្រហែល ៨ ម៉ោងក្នុងប្រទេសជប៉ុន ។
ទីភ្នាក់ងារនេះបានបន្ថែមថា ព្យុះ និងខ្យល់បក់ខ្លាំងរហូតដល់ ២៥២ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានរាយការណ៍នៅលើកោះនេះ។ ភ្លៀងធ្លាក់រហូតដល់មានកម្រិតទឹកភ្លៀង៦០០ មីលីម៉ែត្រក្នុងរយៈពេល ២៤ ម៉ោង ត្រូវបានព្យាករណ៍នៅតំបន់ខ្លះនៃ កោះ ឃ្យូស៊ូ ។
មនុស្សបីនាក់នៅតែបាត់ខ្លួននៅក្នុងទីក្រុង ហ្គាម៉ាហ្គោរី (Gamagori) ជាទីក្រុងមួយនៅកណ្តាលខេត្ត អៃឈី (Aichi) បន្ទាប់ពីជញ្ជាំងល្បាប់ ថ្ម និងកម្ទេចកម្ទីផ្សេងទៀត បានហូរកួចនាំយកផ្ទះមួយខ្នង ដែលមានសមាជិកក្នុងគ្រួសារចំនួន៥នាក់នៅខាងក្នុងផ្ទះនោះកាលពីល្ងាចថ្ងៃអង្គារ។
មន្ត្រីក្រុង ហ្គាម៉ាហ្គោរី បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា បំណាក់ដីបានវាយប្រហារផ្ទះមួយដែលសមាជិកគ្រួសារ៥នាក់កំពុងរស់នៅ មានប្តីប្រពន្ធមួយគូ វ័យ៧០ ឆ្នាំ ស្ត្រីពីរនាក់ ក្នុងវ័យ៤០ ឆ្នាំ និងបុរសម្នាក់វ័យ៣០ ឆ្នាំ៕