ភ្នំពេញ៖ ពិធីសែនព្រះខែនឹងឈានមកដល់ នាយប់ថ្ងៃទី១៣ កញ្ញា នេះ ជាការកត់សម្គាល់ នៅមុនថ្ងៃសែនមកដល់នៅតាមដងផ្លូវតូចធំក្នុងរាជធានីភ្នំពេញ នៅតាមហាងនំនានាបានរៀបចំស្តង់លក់នំជាច្រើនប្រភេទផ្សេងៗគ្នា ក្នុងនោះពលរដ្ឋខ្មែរជាប់សែស្រឡាយចិន បាននាំគ្នាទិញត្រៀមទុកសែន។
អ្នកគ្រប់គ្រងទូទៅនៅហាងនំអប្សរា លោក សំណាង ប្រាប់ឲ្យដឹងថា បុណ្យនេះមានប្រវត្តិនិងប្រារព្ធធ្វើរៀងរាល់ឆ្នាំតាំងពីយូរយាណាស់មកហើយ សម្រាប់ជនជាតិចិនទាំងរស់នៅក្នុងប្រទេសចិន និងបណ្តាប្រទេសនានា រួមទាំងកម្ពុជាផងដែរ។
ពាក់ព័ន្ធនឹងការប្រារព្ធពិធីបុណ្យខាងលើនេះដែរ លោក បានបញ្ជាក់ថា ក្នុងរដូវសែនព្រះខែ ហាងរបស់លោកផលិតនំចែកចាយនៅតាមបណ្តាស្តង់ប្រមាណជា ១០ម៉ឺនប្រអប់ឯណោះ ក្នុងតម្លៃពី ៦ដុល្លារ ដល់ជិត២០០ដុល្លារ ក្នុងមួយប្រអប់។
តាមការសាកសួរពីប្រជាពលរដ្ឋដែលទៅទិញនំព្រះខែ បានរៀបរាប់ថា ជារៀងរាល់ឆ្នាំតែងតែប្រារព្ធ និងមិនដែលអាក់ខានឡើយ ព្រោះមានជាប់ខ្សែស្រឡាយចិន។ បន្ថែមពីនេះទៀត គឺក្នុងគោលបំណងសុំសេចក្តីសុខ ៕