កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពបុគ្គលិករបស់ខ្លួន ឆ្លងកាត់តំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃពុធ ដោយនិយាយថា យ៉ាងហោចណាស់គ្រាប់កាំភ្លើងចំនួន១០គ្រាប់ បានវាយប្រហារលើរថយន្តមួយគ្រឿងក្នុងចំណោមរថយន្តជាច្រើនគ្រឿង ដែលមានស្លាកសម្គាល់យ៉ាងច្បាស់លាស់ ខណៈរថយន្តបើកចូលទៅជិតប៉ុស្តិ៍ត្រួតពិនិត្យរបស់យោធាអ៊ីស្រាអែល។

កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ(WFP) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រថយន្តពីរគ្រឿងបានទទួលការត្រួតពិនិត្យដោយអាជ្ញាធរអ៊ីស្រាអែល ដើម្បីចូលទៅជិត ប៉ុស្តិ៍ត្រួតពិនិត្យនៅស្ពាន Wadi Gaza កាលពីល្ងាចថ្ងៃអង្គារ។ គ្រាប់កាំភ្លើងច្រើនគ្រាប់ បានវាយប្រហារលើរថយន្តមួយគ្រឿង ប៉ុន្តែពុំមានអ្នកណាម្នាក់រងរបួសនោះទេ ។

យោធាអ៊ីស្រាអែល ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយអំពីឧបទ្ទវហេតុនេះទេ។ អង្គការ WFP និយាយថា ទោះបីជានេះពុំមែនជាឧបទ្ទវហេតុសន្តិសុខលើកដំបូង ដែលបានកើតឡើងក្នុងអំឡុងពេលសង្គ្រាមក៏ដោយ វាគឺជាលើកទីមួយហើយដែលរថយន្តរបស់អង្គការ WFP ត្រូវបានបាញ់ដោយផ្ទាល់នៅជិតប៉ុស្តិ៍ត្រួតពិនិត្យ ទោះបីជាមានការធានាពីការត្រួតពិនិត្យចាំបាច់ក៏ដោយ។
ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ បាននិយាយថា ប្រតិបត្តិការផ្តល់ជំនួយនៅក្នុងតំបន់ហ្កាហ្សា ត្រូវបានរឹតត្បិតយ៉ាងខ្លាំងដោយសារតែជម្លោះ ភាពអសន្តិសុខ និងបទបញ្ជាជម្លៀសមនុស្សយ៉ាងច្រើន ដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវដឹកជញ្ជូនជំនួយ និងមធ្យោបាយនានា។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍នេះ តាមសំណើរបស់ចក្រភពអង់គ្លេស និងស្វីស ស្តីពីស្ថានភាពមនុស្សធម៌នៅតំបន់ហ្កាហ្សា។
បេសកកម្មអង្គការសហប្រជាជាតិរបស់ចក្រភពអង់គ្លេស បានបង្ហោះនៅលើបណ្តាញ X ថា អង្គការសហប្រជាជាតិ ព្រមានចំពោះប្រតិបត្តិការផ្តល់ជំនួយ និងបុគ្គលិកនៅតំបន់ហ្កាហ្សា ថាមានហានិភ័យ ក្នុងពេលមានយុទ្ធនាការផ្តល់វ៉ាក់សាំងដែលត្រូវការបន្ទាន់ដើម្បីបញ្ឈប់ការរាលដាលជំងឺស្វិតដៃជើង។