កម្មវិធីស្បៀងអាហារពិភពលោក WFP របស់អង្គការសហប្រជាជាតិ កំពុងស៊ើបអង្កេតមន្ត្រីជាន់ខ្ពស់ពីរនាក់របស់ខ្លួននៅក្នុងប្រទេសស៊ូដង់ ជុំវិញការចោទប្រកាន់ជាំច្រើនរួមទាំងការក្លែងបន្លំ និងការលាក់បាំងព័ត៌មានពីម្ចាស់ជំនួយអំពីសមត្ថភាពរបស់ខ្លួនក្នុងការផ្តល់ជំនួយស្បៀងអាហារដល់ជនស៊ីវិល ខណៈគ្រោះទុរ្ភិក្សរីករាលដាលកាន់តែធ្ងន់ធ្ងរ នេះបើយោងតាមមនុស្ស ១១នាក់ដែលដឹងពីបញ្ហានេះ។

ការស៊ើបអង្កេតដោយការិយាល័យអគ្គអធិការកិច្ចរបស់ WFP ឈ្មោះថា OIG កើតឡើងនៅពេលដែលស្ថាប័នជំនួយស្បៀងអាហាររបស់ UN មួយនេះ ជួបការលំបាកដើម្បីចិញ្ចឹមមនុស្សរាប់លាននាក់នៅស៊ូដង់ ដែលកំពុងញាំញីដោយសង្រ្គាម ហើយឥឡូវនេះកំពុងខ្វះខាតស្បៀងអាហារធ្ងន់ធ្ងរបំផុតមួយរបស់ពិភពលោកក្នុងពេលជាច្រើនឆ្នាំ។

ប្រភពបានប្រាប់សារព័ត៌មានរ៉យទ័រថា ជាផ្នែកមួយនៃការស៊ើបអង្កេត ក្រុមការងារកំពុងសម្លឹងមើលថាតើបុគ្គលិក WFP បានលាក់បាំងតួនាទីរបស់កងទ័ពស៊ូដង់ក្នុងការរារាំងជំនួយ ស្របពេលមានសង្គ្រាមដ៏ឃោរឃៅរយៈពេល ១៦ខែជាមួយនឹងក្រុមយោធាគូប្រជែង ឬយ៉ាងណា។

នៅពេលត្រូវសាកសួរពីការស៊ើបអង្កេតនោះ អង្គការ WFP បាននិយាយថា «ការចោទប្រកាន់លើការប្រព្រឹត្តិខុសរបស់បុគ្គលទាក់ទងនឹងភាពមិនប្រក្រតីនៅក្នុងប្រតិបត្តិការនៅស៊ូដង់» គឺស្ថិតនៅក្រោមការត្រួតពិនិត្យជាបន្ទាន់ដោយការិយាល័យអធិការកិច្ចរបស់ខ្លួន ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយលើថាតើប្រព្រឹត្តខុសបែបណា ឬឋានៈជាក់លាក់របស់បុគ្គលិកដែលត្រូវចោទប្រកាន់នោះទេ៕