ភ្នំពេញ ៖ ជាថ្មីម្តងទៀតសម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ទៅកាន់ភាគីអាមេរិកថា ការដែលរាជរដ្ឋាភិបាលធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម ស្ថិតនៅខេត្តព្រះសីហនុនោះ គឺធ្វើឡើងដើម្បីអភិវឌ្ឍន៍មូលដ្ឋានរាមក្នុងបុព្វហេតុសន្តិសុខ សន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិតែប៉ុណ្ណោះ គ្មានអ្វីលើសពីហ្នឹងនោះឡើយ។
ការអះអាងជាថ្មីម្តងទៀតរបស់ប្រមុខការពារជាតិកម្ពុជានេះ គឺបានធ្វើឡើងនៅក្នុងកិច្ចជំនួបជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក និងលោក វរសេនីយ៍ឯក Thang Ly ប្រធានការិយាល័យអនុព័ន្ធយោធាអាមេរិកថ្មីប្រចាំកម្ពុជាកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញនេះ នៅទីស្តីការគណៈរដ្ឋមន្រ្តី។
ឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់លោក Patrick Murphy ទាក់ទងនឹងការកសាងមូលដ្ឋានរាមរបស់កម្ពុជានោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា «រាជរដ្ឋាភិបាលកម្ពុជាបានខិតខំស្វះស្វែងរកដៃគូអភិវឌ្ឍន៍ ដើម្បីអភិវឌ្ឍមូលដ្ឋានរាមក្នុងបុព្វហេតុសន្តិសុខ សន្តិភាព និងកិច្ច សហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិ។
កន្លងមកតបតាមការស្នើសុំរបស់ស្ថានទូត និងការិយាល័យអនុព័ន្ធយោធាអាមេរិកប្រចាំកម្ពុជា ក្រសួងការពារជាតិបានស្វាគមន៍ និងអនុញ្ញាតជូននាយទាហានដឹកនាំក្រុមការងារចូលរួមបំពេញទស្សនកិច្ច នៅមូលដ្ឋានសមុទ្ររាម និងទីបញ្ជាការសន្តិសុខលម្ហសមុទ្រថ្មី២លើក បានដំណើរការប្រកបដោយលទ្ធផលជាផ្លែផ្កា មានទំនុកចិត្តគ្នាទៅវិញទៅមកផងដែរ»។
យ៉ាងណាក៏ដោយសម្តេចពិជ័យសេនាទៀ បាញ់ ក៏បានលើកឡើងផងដែរថា នៅក្នុងឆ្នាំ២០២០-២០២១នេះ ទោះបីមានការរីករាលដាលជំងឺកូវីដ-១៩ និងមានភាពរអាក់រអួលកិច្ចការមួយចំនួនក្តី ប៉ុន្តែកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីប្រទេសទាំងពីរនៅតែបន្តកិច្ចសហការតាមលទ្ធភាព និងស្ថានភាពជាក់ស្តែង ដែលអាចដំណើរការបានតាមគន្លងប្រក្រតីភាពថ្មី តាមរយៈកិច្ចប្រជុំការប្រាស្រ័យទំនាក់ទំនងទៅវិញទៅមក។
ជាមួយគ្នានោះសម្តេចពិជ័យសេនា និងលោក ឯកអគ្គរដ្ឋទូត ក៏បានប្តេជ្ញារួមគ្នាលើកកម្ពស់កិច្ច សហប្រតិបត្តិការទ្វេភាគីលើវិស័យយោធាក្នុងការពង្រឹង និងពង្រីកចំណង មិត្តភាព ទំនាក់ទំនងល្អឱ្យកាន់តែមានភាពរីកចម្រើនថែមទៀតផងដែរ។
នៅក្នុងកិច្ចជំនួបនោះដែរ លោកឯកអគ្គរដ្ឋទូត បានរំលឹកពីការជួយវ៉ាក់សាំងចំនួន១លានដូសតាមរយៈយន្តការ COVAC ជូនក្រសួងសុខាភិបាលកម្ពុជា ដើម្បីចូលរួមចំណែកប្រយុទ្ធនឹងជំងឺកូវីដ១៩ និងនៅថ្ងៃនេះសហរដ្ឋអាមេរិក បានប្រកាសផ្តល់ជំនួយបន្ថែម ដល់កម្ពុជានូវថវិកាចំនួន ១០០,០០០ដុល្លារអាមេរិក និងឧបករណ៍សម្ភារៈវេជ្ជសាស្ត្រមួយចំនួនផ្សេងទៀត ដោយសហការជាមួយអង្គការ សុខភាពពិភពលោក UNICEF។
ជាការឆ្លើយតបសម្តេចពិជ័យសេនា ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានផ្តល់អំណោយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Johnson&Johnson ជូនរដ្ឋាភិបាលកម្ពុជា តាមរយៈយន្តការ COVAC និង ប្រកាសផ្តល់ជំនួយថ្មីៗបន្ថែមទៀតនៅថ្ងៃនេះ គឺជាការរួមចំណែកប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅប្រទេសកម្ពុជានោះ៕
អត្ថបទ បាន ចក់
