នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ រួមជាមួយ ឯកឧត្តម លោកជំទាវ ជាតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង បានអញ្ជើញជួបប្រជុំជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តស្វាយរៀង ដែលមាន ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត និងមន្ទីរជំនាញទាំង៧ ដែលស្ថិតក្នុងសមត្ថកិច្ចរបស់គណៈកម្មការទី៩។

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានជម្រាបជូនកិច្ចប្រជុំថា ការចុះបំពេញបេសកកម្មនៅមូលដ្ឋានខេត្តស្វាយរៀងនាពេលនេះ គឺដើម្បីជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មការទី៩ ក្នុងគោលបំណងឈ្វេងយល់ពីកិច្ចការមួយចំនួន ពីលទ្ធផលការងារសំខាន់ៗរបស់រដ្ឋបាលខេត្តសម្រេចបាន ប្រសិទ្ធភាពនៃការប្រតិបត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធនឹងសមត្ថកិច្ចទទួលខុសត្រូវរបស់មន្ទីរជំនាញ ថាតើការអនុវត្តច្បាប់ទាំងឡាយ ដែលរដ្ឋសភាបានអនុម័តរួចហើយ ជួបប្រទះនូវការលំបាក និងមានបញ្ហាប្រឈមអ្វីខ្លះ? នៅខេត្តស្វាយរៀងជាខេត្តជាប់ព្រំដែនប្រទេសវៀតណាម ដូច្នេះក៏សុំឈ្វេងយល់ពីការអនុវត្តកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនឆ្លងកាត់ព្រំដែន តើជួបប្រទះការលំបាក បញ្ហាប្រឈមអ្វីខ្លះ?

លោកជំទាវ និន សាផុន បានបញ្ជាក់ថា កិច្ចប្រជុំនេះ មិនមែនជាការចុះមកត្រួតពិនិត្យ អធិការកិច្ច ឬសួរដេញដោលថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញនោះទេ គោលបំណងសំខាន់គឺឈ្វេងយល់ ដើម្បីប្រមូលព័ត៌មាន និងបញ្ហាប្រឈមនានា ក្នុងការប្រតិបត្តិច្បាប់នៅមូលដ្ឋាន ដើម្បីរួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត បានជម្រាបជូនគណៈកម្មការទី៩ នៃរដ្ឋសភា អំពីស្ថានភាពទូទៅ និងសភាពការណ៍ក្នុងខេត្ត ពិសេសគឺបានជម្រាបជូនពីការងារមួយចំនួន ដែលទាក់ទិននឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការ។ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តក៏បានលើកឡើងពីសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក ខេត្តក៏នៅមានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ដែលត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបន្ថែមទៀត ទាំងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ និងការពង្រឹងពង្រីកបណ្តាញផ្គត់ផ្គង់ទឹកស្អាត និងអគ្គិសនី ជាដើម។

សម្រាប់ទិសដៅអនុវត្តបន្តក្នុងនាមតំណាងរាជរដ្ឋាភិបាល ក្រសួង-ស្ថាប័ន អាជ្ញាធរខេត្តបានខិតខំយកចិត្តទុកដាក់អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល កម្មវិធីកំណែងទម្រង់នានា គោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ជាពិសេសក្នុងការដឹកនាំ សម្របសម្រួល និងគាំទ្រដល់ការអនុវត្តការងារពាក់ព័ន្ធនឹងវិស័យសាធារណការ ដឹកជញ្ជូន ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមនិងវិស័យជាសសរស្តសេដ្ឋកិច្ច និង សង្គមផ្សេងៗទៀត ឱ្យសម្រេចបានលទ្ធផលកាន់តែជោគជ័យ និងមានប្រសិទ្ធភាពថែមទៀត ធ្វើយ៉ាងណាដោះស្រាយបញ្ហាប្រឈមនានាឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់មុខសញ្ញា ប្រកបដោយសមធម៌ និងបរិយាប័ន្ន សំដៅកសាងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឱ្យកាន់តែមានការរីកចម្រើន និងលើកកម្ពស់សុខុមាលភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរឡើង ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលឈានទៅសម្រេចបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

ក្រោមពីបានស្តាប់នូវការលើកឡើងរបស់រដ្ឋបាលខេត្តស្វាយរៀងរួចមក លោកជំទាវ និន សាផុន បានជំរុញឱ្យរដ្ឋបាលខេត្តបន្តយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរឡើង។ មន្ទីរ-អង្គភាពជំនាញត្រូវបន្តចុះធ្វើការផ្សព្វផ្សាយច្បាប់ឱ្យបានកាន់ទូលំទូលាយបន្ថែមទៀតដល់សាធារណជន និងជំរុញការចូលរួមអនុវត្តច្បាប់ឱ្យបានគ្រប់គ្នា។ រដ្ឋបាលខេត្ត-ក្រុង-ស្រុក-ខណ្ឌ និងភាគីពាក់ព័ន្ធទាំងអស់បង្កើនការយកចិត្តទុកដាក់ខ្ពស់លើការចូលរួមការពង្រឹងអភិបាលកិច្ច ប្រសិទ្ធភាព និងសមត្ថភាពស្ថាប័ន ការទ្រទ្រង់កំណើននិងការធ្វើទំនើបកម្មសេដ្ឋកិច្ច ការបង្កើតការងារ ការលើកស្ទួយវិស័យឯកជន ការកសាងមូលធនមនុស្សដោយផ្តោតជាពិសេសលើគុណភាពវិស័យអប់រំ និងសេវាសុខាភិបាល ការលើកស្ទួយសេវាគាំពារសង្គម និងសុខុមាលភាពប្រជាជន ជាពិសេសសម្រាប់គ្រួសារងាយរងហានិភ័យ និងក្រុមជនងាយរងគ្រោះ ការពង្រឹងគុណភាពនគរូបនីយកម្ម ជាពិសេសការកាត់បន្ថយគម្លាតរវាងទីក្រុងនិងជនបទ ការពង្រឹងចីរភាពបរិស្ថាន និងការឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុ ព្រមទាំងការជំរុញធ្វើបរិវត្តកម្មឌីជីថលទាំងក្នុងសង្គមនិងសេដ្ឋកិច្ច។

ចំពោះសំណូមពរ និងបញ្ហាប្រឈមនានា ដែលខេត្ត បានលើកឡើង គណៈកម្មការទី៩ នៃរដ្ឋសភា នឹងធ្វើ របាយការណ៍ជម្រាបជូនសម្តេចមហារដ្ឋសភាធិការ ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា និងជូនយោបល់ទៅក្រសួងពាក់ព័ន្ធ។
តមកនារសៀលថ្ងៃដដែល គណៈកម្មការទី៩ នៃរដ្ឋសភា បានបន្តដំណើរចុះទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន និងចុះឈ្វេងយល់ពីវិស័យការដឹកជញ្ជូនឆ្លងកាត់ព្រំដែន នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង៕


