អង្គការឃ្លាំមើលសុខភាព របស់សហភាពអាហ្រ្វិក កាលពីថ្ងៃពុធបាននិយាយថា សហភាពនេះ នឹងទទួលបានវ៉ាក់សាំងជំងឺអុតស្វា(mpox) ជិតមួយលានដូស ដោយបានជំរុញឱ្យក្រុមហ៊ុនផលិត ដើម្បីចែករំលែកបច្ចេកវិទ្យាផលិតវ៉ាក់សាំងប្រយុទ្ធប្រឆាំងប្រឆាំងជំងឺនេះ។

ទ្វីបអាហ្រ្វិក ស្ថិតនៅជួរមុខនៃការប្រយុទ្ធប្រឆាំងជំងឺអុតស្វា(mpox) ដោយអង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នអន្តរជាតិ កាលពីដើមខែនេះ ជុំវិញការរាលដាលជំងឺនេះ។
អគ្គនាយកនៃមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺនៅអាហ្វ្រិក (CDC) លោក Jean Kaseya បាននិយាយទៅកាន់កិច្ចប្រជុំថ្នាក់តំបន់របស់អង្គការសុខភាពពិភពលោក នៅទីក្រុង Brazzaville ប្រទេសកុងហ្គោ ថា យើងកំពុងឈានឆ្ពោះទៅរកការទទួលបានវ៉ាក់សាំងជំងឺអុតស្វា (Mpox) ជិតមួយលានដូស។

ប្រទេសជាច្រើន បានសន្យាថានឹងបញ្ជូនវ៉ាក់សាំងទៅកាន់បណ្តាប្រទេសនៅទ្វីបអាហ្រ្វិក ដែលរងគ្រោះដោយការផ្ទុះឡើងជំងឺអុតស្វា(Mpox) ដោយប្រទេសអេស្ប៉ាញតែមួយ បានសន្យាថានឹងផ្តល់វ៉ាក់សាំងចំនួន ៥០០.០០០ ដូស។ លោក Kaseya និយាយថា វ៉ាក់សាំងចំនួន ២១៥.០០០ដូស បាន ទទួលរួចហើយពីក្រុមហ៊ុនផលិតរបស់ប្រទេសដាណឺម៉ាក Bavarian Nordic ប៉ុន្តែបានជំរុញឱ្យក្រុមហ៊ុនចែករំលែកចំណេះដឹងដែលត្រូវការសម្រាប់វ៉ាក់សាំងដើម្បីផលិតនៅក្នុងស្រុក។
លោកនិយាយថា យើងបានប្រាប់ក្រុមហ៊ុន Bavarian Nordic ថា យើងត្រូវការ ការផ្ទេរបច្ចេកវិទ្យាទៅកាន់ក្រុមហ៊ុនផលិតនៅអាហ្វ្រិក ហើយលោកជឿថាវ៉ាក់សាំងជំងឺអុតស្វា(mpox) នឹងត្រូវបានផលិតនៅក្នុងទ្វីបអាហ្វ្រិក ក្នុងពេលឆាប់ៗនេះ។
ដោយកាលពីពេលមុន ត្រូវបានគេស្គាល់ថាជាជំងឺអុតស្វា mpoxជាជំងឺឆ្លងពីសត្វទៅមនុស្ស ហើយអាចឆ្លងពីមនុស្សទៅមនុស្សផងដែរ ដែលបណ្តាលឱ្យគ្រុនក្តៅ ឈឺសាច់ដុំ និងដំបៅនៅលើស្បែក។