លោក ដូណាល់ ត្រាំ (Donald Trump) ត្រូវបានគេរំពឹងថានឹងបន្តប្រឆាំងនឹងការចោទប្រកាន់ព្រហ្មទណ្ឌពីបទព្យាយាមបង្វែរលទ្ធផលឆ្នោតឆ្នាំ២០២០ ដោយការតតាំងបន្ថែមទៀតលើផ្នែកកែសម្រួលថ្មីនៃបទចោទ ដែលបានដកចេញនូវការចោទប្រកាន់នានាដែលតុលាការកំពូលសហរដ្ឋអាមេរិកបានរកឃើញថាមានអភ័យឯកសិទ្ធិ។

ការចោទប្រកាន់ថ្មីដែលត្រូវបានប្តឹងកាលពីថ្ងៃអង្គារសប្ដាហ៍នេះដោយរដ្ឋអាជ្ញាពិសេស លោក ជេក ស្មីត (Jack Smith) បានរក្សាបទឃុបឃិតព្រហ្មទណ្ឌចំនួនបួនករណីដូចគ្នាដែលត្រូវបានប្តឹងកាលពីរដូវក្តៅឆ្នាំមុនប្រឆាំងនឹងលោក Trump ប៉ុន្តែផ្នែកខ្លះនៃករណីថ្មីនេះត្រូវបានសរសេរឡើងវិញដើម្បីបញ្ជាក់ថាលោក Trump មិនបានធ្វើសកម្មភាពក្នុងពេលកាន់តំណែងឡើយ អំឡុងពេលកិច្ចប្រឹងប្រែងរបស់លោកដើម្បីព្យាយាមបង្វែរលទ្ធផលឆ្នោត។

យោងតាមប្រភពមួយចំនួនបានឱ្យដឹងថា ក្រុមមេធាវីរបស់លោក Trump មើលឃើញថាការកែប្រែថ្មីនេះជាបញ្ហាតួចតាចបំផុត ហើយនឹងព្យាយាមច្រានចោលការចោទប្រកាន់បន្ថែមទៀតពីព្រោះពួកគេគិតថាផ្នែកធំៗនៅក្នុងករណីថ្មីនេះស្ថិតក្រោមអភ័យឯកសិទ្ធិ ដែលចៅក្រមត្រូវដោះស្រាយ។
នេះមានន័យថានឹងមិនមានផលវិបាកភ្លាមៗចំពោះលោក Trump ឡើយនៅក្នុងករណីនេះ ប៉ុន្តែលោកនឹងនៅតែចាប់ផ្តើមចំណាត់ការផ្លូវច្បាប់ថ្មីដែលនឹងត្រូវប្តឹងតបតទៅតុលាការឧទ្ធរណ៍អាមេរិកប្រចាំតំបន់វ៉ាស៊ីនតោន ហើយការកាត់ក្តីណាមួយនឹងមិនកើតឡើងមុនការបោះឆ្នោតខែវិច្ឆិកានោះទេ។
លោក Trump បានទទួលជោគជ័យយ៉ាងធំធេងរួចទៅហើយក្នុងការពន្យារពេលសំណុំរឿងព្រហ្មទណ្ឌរបស់ខ្លួន ក្នុងបំណងអូសបន្លាយរហូតដល់ក្រោយការបោះឆ្នោតខែវិច្ឆិកា ដោយលោកសង្ឃឹមថាអាចនឹងឈ្នះឆ្នោតម្ដងទៀត ហើយបន្ទាប់មកនឹងតែងតាំងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ដែលស្មោះត្រង់នឹងខ្លួន ដែលនឹងទម្លាក់ការចោទប្រកាន់នានា៕