នាយករដ្ឋមន្ត្រីអង់គ្លេស លោក គា ស្តាមើ (Keir Starmer) បានសម្តែងការព្រួយបារម្ភចំពោះការគំរាមកំហែងកាន់តែខ្លាំងឡើងពីក្រុមស្តាំនិយមជ្រុលនៅក្នុងចក្រភពអង់គ្លេស ហើយបានអំពាវនាវឱ្យគណបក្សនយោបាយជឿនលឿននៅទូទាំងទ្វីបអឺរ៉ុប ធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ។

ចក្រភពអង់គ្លេស បានរួមរឹតដោយកុបកម្មប្រឆាំងជនអន្តោប្រវេសន៍កាលពីដើមខែនេះ បន្ទាប់ពីមានព័ត៌មានមិនពិតជុំវិញការវាយប្រហារដោយកាំបិតបានសម្លាប់កុមារ៣នាក់ ដែលត្រូវបានបំភ្លៃដោយក្រុមស្តាំនិយមជ្រុលថាជនដៃដល់នោះគឺជាអ្នកស្វែងរកសិទ្ធិជ្រកកោនមូស្លីម។

ថ្លែងកាលពីថ្ងៃពុធ (២៨ សីហា) ក្នុងដំណើរទស្សនកិច្ចទៅអាល្លឺម៉ង់ លោក Starmer បាននិយាយថា ពួកប្រជានិយមនឹងត្រូវបានផ្ដួល ហើយលោកបានបេ្ដជ្ញាថាជីវិតរស់នៅរបស់ប្រជាជនក្នុងចក្រភពអង់គ្លេសនឹងប្រសើរឡើង មុនពេលបញ្ចប់អាណត្តិដំបូងរបស់លោក។
គណបក្សការងារ កណ្តាលនិយមឆ្វេងរបស់លោក Starmer បានឈ្នះឆ្នោតដ៏លើសលប់កាលពីដើមខែកក្កដា ផ្ទុយពីការកើនឡើងនាពេលថ្មីៗនេះដោយក្រុមស្តាំនិយមជ្រុលនៅអឺរ៉ុប ប៉ុន្តែកុបកម្មប្រឆាំងជនអន្តោប្រវេសន៍បានបង្កើតវិបត្តិដ៏ធំដំបូងសម្រាប់តំណែងជានាយមរដ្ឋមន្រ្តីរបស់លោក។ នគរបាលអង់គ្លេសបានចាប់ខ្លួនមនុស្សជាង ១.១៦០ នាក់ជុំវិញកុបកម្មដែលពាក់ព័ន្ធនឹងអំពើហិង្សា ការដុតដោយចេតនា និងលួចប្លន់ ក៏ដូចជាការវាយប្រហាររើសអើងជាតិសាសន៍សំដៅទៅលើជនជាតិមូស្លីម និងជនអន្តោប្រវេសន៍ជាដើម៕