អំពើហិង្សា បានផ្ទុះឡើង កាលពីថ្ងៃពុធ នៅទីក្រុង Buenos Aires រវាងនគរបាលបង្ក្រាបកុបកម្ម និង អ្នកចូលនិវត្តន៍អាហ្សង់ទីនមួយក្រុម ដែលបានមកប្រមូលផ្តុំគ្នាដើម្បីការពារសិទ្ធិចូលនិវត្តន៍របស់ពួកគេ ប្រឆាំងទៅនឹងបំណងរបស់ប្រធានាធិបតី លោក Javier Milei ក្នុងការប្រើសិទ្ធិវ៉េតូលើកំណែទម្រង់សោធននិវត្តន៍ ដែលនឹងបង្កើនប្រាក់សោធននិវត្តន៍របស់ពួកគេ ក្នុងចំណោមអត្ថប្រយោជន៍ផ្សេងៗទៀត។

មន្ត្រីនគរបាលបង្ក្រាបកុបកម្ម បានវាយអ្នកតវ៉ាដោយដំបង ខណៈពួកគេបានរុញច្រានអ្នកតវ៉ានៅក្នុងការដង្ហែរក្បួននៅជិតសភាជាតិ។
លោក Milei បានប្រកាសពីផែនការក្នុងការប្រើសិទ្ធិវ៉េតូចំពោះកំណែទម្រង់ប្រាក់សោធននិវត្តន៍ ដែលបានអនុម័ត កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ដោយព្រឹទ្ធសភានៅក្នុងចំណាត់ការមួយ ដែលទំនងជាពង្រីកការបែងចែកដែលនៅបន្ត រវាងមេដឹកនាំសេរីនិយម និងសភាដែលគ្រប់គ្រងដោយគណបក្សប្រឆាំង។

ព្រឹទ្ធសភា បានព្រមព្រៀងយ៉ាងលើសលប់ក្នុងការដំឡើងប្រាក់សោធននិវត្តន៍ស្របតាមអតិផរណាកើនឡើងរបស់ប្រទេស ជាវិធានការមួយដែលអាចប្រឈមនឹងតុល្យភាពសារពើពន្ធដ៏តឹងរ៉ឹង ដែលជំរុញដោយ លោក Milei ។
ការិយាល័យរបស់ លោក Milei បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញ X ថា គោលបំណងតែមួយគត់នៃសេចក្តីស្នើច្បាប់ គឺជាការបំផ្លាញកម្មវិធីសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ព្រោះវានឹងតម្រូវឱ្យចំណាយបន្ថែម ១,២% នៃផលិតផលក្នុងស្រុកសរុប។