ភាពចលាចលបានបន្តផ្ទុះឡើងនៅក្នុងរដ្ឋ West Bengal ភាគខាងកើតប្រទេសឥណ្ឌាកាលពីថ្ងៃពុធ ២៤ ម៉ោង ក្រោយកងកម្លាំងនគរបាលបានពង្រាយឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកដើម្បីបំបែកក្រុមបាតុករដែលធ្វើបាតុកម្មជុំវិញការរំលោភ និងសម្លាប់វេជ្ជបណ្ឌិតកាលពីដើមខែនេះ។

កូដកម្មរយៈពេល១២ម៉ោងទូទាំងរដ្ឋ ត្រូវបានអំពានាវកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដោយសាខា គណបក្ស Bharatiya Janata (BJP) របស់នាយករដ្ឋមន្ត្រី Narendra Modi ក្នុងរដ្ឋ West Bengal ឆ្លើយតបទៅនឹងការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងកងកម្លាំងនគរបាល។

លោក ស៊ូកានតា ម៉ាចាំឌើរ(Sukanta Majumder) សមាជិកបក្ស BJP និងជារដ្ឋមន្ត្រីសហជីពប្រចាំរដ្ឋនេះ បាននិយាយថា កូដកម្មត្រូវបានធ្វើឡើងប្រឆាំងទៅនឹងការប្រើអំពើហិង្សាលើភាពរំជើបរំជួលរបស់និស្សិត ក្នុងអំឡុងការហែក្បួនតវ៉ា។
កាលពីថ្ងៃពុធ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា អ្នកតវ៉ារាប់ពាន់នាក់ រួមទាំងមន្ត្រីរបស់គណបក្ស BJP បានបិទផ្លូវជាតិ និងផ្លូវរថភ្លើង ហើយបានបង្ខំឱ្យបិទហាងនានា។ យោងតាមរបាយការណ៍បានឱ្យដឹងថា ទោះសាលារៀន និងមហាវិទ្យាល័យនានានៅតែបើកទ្វារក៏ដោយ ក៏បានបង្កការប៉ះពាល់ដែរ។
យោងតាមសារព័ត៌មាន Times of India បានឱ្យដឹងថា កម្លាំងនគរបាលប្រមាណ៥.០០០នាក់ត្រូវបានដាក់ពង្រាយដើម្បីរក្សាសន្តិភាព។ ឧបទ្ទវហេតុនៃអំពើហិង្សាជាបន្តបន្ទាប់ត្រូវបានរាយការណ៍ក្នុងអំឡុងពេលបិទផ្លូវរយៈពេល ១២ ម៉ោង ហើយមនុស្សពីរនាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយមានរបួសគ្រាប់កាំភ្លើងចំក្បាល៕