អ្នកនាំពាក្យរាជរដ្ឋាភិបាល មេដឹកនាំគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលនៅកម្ពុជា បង្ហាញការសោកស្ដាយចំពោះក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុក ដែលបន្តបង្កើតព័ត៌មានមិនពិត បំផុសផុលក្នុងរូបភាពដដែល ប្រឆាំងនឹងសកម្មភាពរបស់ប្រជាពលរដ្ឋដែលស្ម័គ្រចូលរួមបរិច្ចាគថវិកា ក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»។

ស្របពេលដែលប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសបានចូលរួមបរិច្ចាគក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដូចទឹកបាក់ទំនប់ ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសបែជាចោទប្រកាន់រាជរដ្ឋាភិបាលថា អស់ថវិកា ទើបរៃអង្គាស់ពីប្រជាពលរដ្ឋ។
ឆ្លើយតបទៅនឹងបញ្ហានេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា ការចោទប្រកាន់បែបនេះ គេធ្លាប់លឺជាច្រើនទសវត្សរ៍មកហើយ ដែលគ្រាន់តែជាពាក្យបោកប្រាស់ដដែលៗតែប៉ុណ្ណោះ។ ឯកឧត្តមបញ្ជាក់ថា ការបង្កើតមូលនិធិនេះធ្វើឡើងតាមសំណូមពររបស់ប្រជាពលរដ្ឋ និងបានបង្ហាញពីការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីរបស់ប្រជាពលរដ្ឋចំពោះរាជរដ្ឋាភិបាល។

ឯកឧត្តម ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ ក្នុងនាំគណបក្សនយោបាយមួយរូបនៅកម្ពុជា បានបង្ហាញការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាល ដែលបានគិតគូរលើផលប្រយោជន៍ជាតិ និងបូរណភាពទឹកដី ផ្ដួចផ្ដើមបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» តាមការចង់បានរបស់រាស្រ្ដ។ លោកក៏សម្ដែងការសោកស្ដាយដែលក្រុមប្រឆាំងមួយក្ដាប់តូចនៅតែប្រឆាំងផ្កាប់មុខមិនគិតគូរពីផលប្រយោជន៍ជាតិ និងប្រជាជន។

ចំណែក លោក ថុល សុផាន់ណា អ្នកនាំពាក្យសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល ក៏បង្ហាញការសោកស្ដាយចំពោះទង្វើក្រុមប្រឆាំងជ្រុលនិយម ដែលជានិច្ចជាកាលតែងតែប្រឆាំងលើសមិទ្ធផល និងការរីកចម្រើនរបស់កម្ពុជា។ លោកចាត់ទុកការប្រឆាំងលើ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» របស់ក្រុមប្រឆាំងមួយក្ដាប់តូច គឺជាការជាន់កែងខ្លួនឯង ខណៈធ្លាប់រៃអង្គាសថវិកាអ្នកគាំទ្រជាច្រើនលើកប៉ុន្ដែមិនដែលបានចេញសមិទ្ធផលអ្វីម្ដងណាឡើយ។
សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ ថវិកាដែលទទួលបានពីមហាជនដែលបានចូលរួមជា មួយរាជរដ្ឋាភិបាលក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» បានចំនួនជិត១១លានដុល្លារហើយ។ ក្នុងឱកាសនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានផ្ញើលិខិតថ្លែងអំណរគុណរជូនសប្បុរសជននានា ដែលបានចូលរួមថវិកាដោយស្ម័គ្រចិត្តក្នុងមូលនិធិនេះ ដើម្បី ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីសាមគ្គី ថែរក្សា ការពារ សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ដោយចូលរួមក្នុងការជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យ បានកាន់តែរឹងមាំ និងប្រកបដោយចីរភាព៕ អត្ថបទ៖ វ៉ន ដារ៉ា