បាល់ទាត់៖ អ្នកចាត់ការក្រុមបាល់ទាត់អ៊ីតាលី AS Roma លោក Jose Mourinho បាននិយាយថា លោកពិតជាខ្វាយខ្វល់ និងយកចិត្តទុកដាក់ក្នុងការប្រកួតនៅក្របខណ្ឌ UEFA Europa Conference League ដែលជាពានលំដាប់ទី៣ របស់អឺរ៉ុបក្តី។

AS Roma នឹងត្រូវទទួលភ្ញៀវ CSKA Sofia រាត្រីនេះដែលជាប្រកួតដំបូងក្នុងពូល និងជារដូវកាលថ្មីដំបូងដែរសំរាប់ពានដែលទើបបង្កើតឡើងនេះ។ Roma ចាប់ផ្តើមរដូវកាលនេះបានយ៉ាងល្អក្នុងរដូវកាលដំបូងក្រោមការដឹកនាំរបស់លោក Jose Mourinho ដោយឈ្នះទាំង ៣ប្រកួតនៅក្របខណ្ឌអ៊ីតាលី Serie A និងកំពុងនាំមុខគេផងដែរ។ Jose Mourinho ជាអ្នកចាត់ការដែលជោគជ័យម្នាក់នៅអឺរ៉ុប ដោយលោកធ្លាប់ដឹកនាំក្រុមឈ្នះជើងឯកក្របខណ្ឌកំពូល UEFA Champions League ២លើក និង UEFA Europa League ២លើកផងដែរ។ Roma ស្ថិតក្នុងពូល C នៅពាន UEFA Europa Conference League នេះជាមួយក្លិបប៊ុលហ្ការី CSKA Sofia, ក្លិបណ័រវេយ Bodo/Glimt និងក្លិបអ៊ុយក្រែន Zorya៕
អត្ថបទ៖នាង សុភាវុធ