រយៈពេលពីរខែបន្ទាប់ពីមន្រ្តីនគរបាលប្រទេសកេនយ៉ាដំបូង បានមកដល់ប្រទេសហៃទី មានភាពប្រសើរតិចតួចប៉ុណ្ណោះ ចំពោះការប្រយុទ្ធប្រឆាំងក្រុមជនអន្ធពាលដ៏ឃោរឃៅនៅក្នុងប្រទេសនេះហើយការបង្កើនបេសកកម្មនគរបាលអន្តរជាតិ ហាក់ដូចជាជាប់គាំង។

ដោយមានការគាំទ្រពីអង្គការសហប្រជាជាតិ និងការផ្តល់មូលនិធិពីសហរដ្ឋអាមេរិក បេសកកម្មនេះត្រូវបានគេគិតថា នាំមកនូវសណ្តាប់ធ្នាប់ដល់ប្រទេសមួយនេះ ជាកន្លែងដែលក្រុមប្រដាប់អាវុធគ្រប់គ្រង៨០ភាគរយនៅរដ្ឋធានី ព័រអូប្រាំង។

ប៉ុន្តែនគរបាលកេនយ៉ា ដែលបច្ចុប្បន្ននេះមានចំនួន៤០០នាក់ និងសមភាគីប្រទេសហៃទីរបស់ពួកគេ ពុំដណ្តើមបានទីតាំងលាក់ខ្លួនដ៏រឹងមាំរបស់ក្រុមជនអន្ធពាលណាមួយបាននៅឡើយទេ ដោយធ្វើឲ្យមានការខកចិត្តយ៉ាងខ្លាំងក្នុងចំណោមប្រជាជនរស់នៅក្នុងទីក្រុង។
អ្នករត់ម៉ូតូឌុប អាយុ៣៩ឆ្នាំម្នាក់បានប្រាប់សារព័ត៌មាន AFP ថា «ការរំលោភបំពានពីសំណាក់ក្រុមជនអន្ធពាលនៅតែបន្ត ហើយក្រុមចោរចោរព្រៃនេះ គ្មានការភ័យខ្លាចអ្វីទាល់តែសោះ។
លោកនិយាយថា លោកគាំទ្រការធ្វើអន្តរាគមន៍ពីអន្តរជាតិ ព្រោះពួកគេនឹងស្ដារសន្តិភាពឡើងវិញ និងគាំទ្រនគរបាលរបស់យើង។ លោកព្រួយបារម្ភខ្លាំង លោកមិនអាចដេកបានទេនៅពេលយប់ ដោយសារតែការផ្ទុះគ្រាប់។
ប្រទេសហៃទី ដែលញាំញីដោយអំពើហិង្សា បានធ្លាក់ចូលទៅក្នុងភាពវឹកវរបន្ថែមទៀត បន្ទាប់ពីការបះបោររបស់ក្រុមជនអន្ធពាលកាលពីខែកុម្ភៈ ដែលបានមើលឃើញការវាយប្រហារទៅលើអាកាសយានដ្ឋានអន្តរជាតិ និងប៉ុស្តិ៍នគរបាល ហើយបាននាំឱ្យមានការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រី លោក Ariel Henry ។