រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន បាននិយាយនៅថ្ងៃព្រហស្បតិ៍ (២៩ សីហា) នេះថា ហ្វីលីពីនបានចាប់ផ្តើមស្នើហិរញ្ញប្បទាន ខណៈខ្លួនគ្រោងនឹងទិញយន្តហោះចម្បាំងពហុមុខងារថ្មីចំនួន ៤០គ្រឿង ដើម្បីបង្កើនការការពារទឹកដីរបស់ខ្លួន។ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ហ្គីលប៊ឺតតូ តេអូដូរ៉ូ (Gilberto Teodoro) បានប្រាប់សវនាការអំពីថវិការបស់សភាថា អ្នកដេញថ្លៃត្រូវតែដាក់ស្នើកញ្ចប់ហិរញ្ញប្បទានដែលការទូទាត់គ្មានការកំណត់។

លោកមិនបានបញ្ជាក់ថាម៉ូដែលយន្តហោះណាដែលហ្វីលីពីនចង់ទិញ ឬមានអ្នកដេញថ្លៃដែលមានសក្ដានុពលជាក់លាក់ណាមួយនោះទេ។ គេក៏មិនទាន់ច្បាស់អំពីពេលវេលាសម្រាប់លទ្ធកម្ម (ដំណើរការទិញ) ដែលបានគ្រោងទុកនេះភ្លាមៗដែរ។ ហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តការពារជាតិអាមេរិក កំពុងស្វះស្វែងធ្វើទំនើបកម្ម និងបង្កើនសារពើភ័ណ្ឌយោធារបស់ខ្លួន ហើយកងកម្លាំងទ័ពអាកាសបច្ចុប្បន្នមានយន្តហោះចម្បាំងតិចតួចណាស់។

ប្រមុខយោធានិយាយថា ប្រទេសនេះត្រូវការយន្តហោះចម្បាំងពហុមុខងារ «ដែលលឿន និងកាន់តែខ្លាំងក្លា» បន្ថែមពីលើយន្តហោះ FA-50 របស់កូរ៉េខាងត្បូងដែលហ្វីលីពីនមាន។ លោក Teodoro បន្ថែមថា រដ្ឋាភិបាលកំពុងសម្លឹងមើលគម្រោងហិរញ្ញប្បទានសមហេតុផលដើម្បីផ្តល់មូលនិធិដល់កម្មវិធីទំនើបកម្មរបស់ខ្លួន រួមទាំងការទាញយកឥណទានដែលរួមបញ្ចូលគ្នាពីអ្នកផ្តល់ប្រាក់កម្ចីឯកជន។
លោកប្រធានាធិបតី ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) បានអនុម័តគម្រោងទិញសព្វាវុធឈ្មោះថា រីហូរ៉ាយហ្សូន-៣ (Re-Horizon 3) ដែលជាផែនការទិញយកអាវុធ និងគ្រឿងយុទ្ធោបករណ៍យោធាថ្មីដែលមានតម្លៃ ១,៨៩សែនកោដិ៍ប៉េសូ (៣៣,៦៤ពាន់លានដុល្លារ) ដើម្បីបង្កើនប្រព័ន្ធការពាររបស់ហ្វីលីពីន៕