ក្រុមវេជ្ជបណ្ឌិតឈានមុខគេនៅចក្រភពអង់គ្លេស កាលពីថ្ងៃពុធ (២៨ សីហា) បានជំរុញឱ្យរដ្ឋាភិបាលអនុម័តច្បាប់ដើម្បីដោះស្រាយ «ការរីករាលដាលនៃការប្រើប្រាស់បារីអេឡិចត្រូនិក» (Vape ឬ E-cigarette) ជាពិសេសក្នុងចំណោមយុវវ័យ ដោយការហាមឃាត់បារីអេឡិចត្រូនិចដែលអាចចោលបាន និងគ្រប់រសជាតិក្រៅពីថ្នាំជក់។

ការអំពាវនាវនេះបានកើតឡើងស្របពេលនឹងការចេញផ្សាយរបាយការណ៍មួយរបស់សមាគមវេជ្ជសាស្ត្រអង់គ្លេស (BMA) ដែលបាននិយាយថា ត្រូវការសកម្មភាពចាំបាច់បន្ទាន់ដើម្បីទប់ស្កាត់បារីអេឡិចត្រូនិក។ រដ្ឋាភិបាលអភិរក្សនិយមពីមុនបានបង្ហាញផែនការនៅដើមឆ្នាំ២០២៤ ដើម្បីលុបបំបាត់ការជក់បារី រួមជាមួយនឹងការហាមឃាត់លើបារីអេឡិចត្រូនិចដែលអាចចោលបាន និងរឹតបន្តឹងលើរសជាតិដ៏សម្បូរបែប និងការវេចខ្ចប់របស់ទំនិញទាំងនោះ។
រដ្ឋបាលបក្សការងារថ្មី ដែលបានឡើងកាន់អំណាចនៅដើមខែសីហា បានត្រួតពិនិត្យសេចក្តីព្រាងច្បាប់នេះឡើងវិញ ប៉ុន្តែមិនទាន់មានព័ត៌មានលម្អិតអំពីវិធីសាស្រ្តពិតប្រាកដរបស់ខ្លួននៅឡើយទេ។ របាយការណ៍របស់សមាគម BMA បានកត់សម្គាល់ថា ការប្រើប្រាស់បារីអេឡិចត្រូនិចក្នុងចំណោមកុមារ និងយុវវ័យបានកើនឡើងជិត ៦ដងក្នុងទសវត្សរ៍ចុងក្រោយនេះ។
BMA បានទទូចឱ្យរដ្ឋាភិបាល «ចាត់វិធានការមិនបន្ធូរដៃ» ដើម្បី «រារាំងនិន្នាការដែលគ្រោះថ្នាក់ដល់សុខភាពនេះ»។ ការជក់បារីអេឡិចត្រូនិច ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាជម្រើសសុវត្ថិភាពជាងការជក់បារីធម្មតា និងមានប្រយោជន៍ជួយអ្នកចង់ផ្ដាច់បារី ពាក់ព័ន្ធនឹងការដុតកម្ដៅអង្គធាតុរាវដែលមានជាតិនីកូទីននៅក្នុងបារីអេឡិចត្រូនិច ហើយបម្លែងវាទៅជាចំហាយផ្សែងដែលអ្នកប្រើប្រាស់ស្រូបចូលក្នុងខ្លួន ប៉ុន្តែអ្នកជំនាញសុខភាពបានព្រមានពីអន្តរាយដូចគ្នាដល់សុខភាពលើការជក់បារីគ្រប់ប្រភេទ៕