រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក FAA កាលពីថ្ងៃពុធ (២៨ សីហា) បាននិយាយថា យានចម្លង ហ្វាលខន-៩ (Falcon 9) របស់ក្រុមហ៊ុនអវកាស ស្ពេសអ៊ិច (SpaceX) ត្រូវបានផ្អាកដំណើរការ បន្ទាប់ពីបរាជ័យក្នុងការប៉ុនប៉ងចុះចតនៅលើផែនដី ក្នុងអំឡុងបេសកកម្មផ្កាយរណប ស្តារលីង (Starlink) ជាប្រចាំ ដែលជាការចតចោលដើម្បីត្រួតពិនិត្យលើកទីពីរហើយរបស់ក្រុមហ៊ុននៅឆ្នាំនេះ។

យាន Falcon 9 របស់ SpaceX បានបាញ់បង្ហោះផ្កាយរណបអ៊ីនធឺណិត Starlink ដោយជោគជ័យទៅកាន់គន្លងតារាវិថីកាលពីព្រឹកថ្ងៃពុធ ចេញពីរដ្ឋហ្វ្លរីដា (Florida)។ ការផ្សាយបន្តផ្ទាល់របស់ SpaceX បានបង្ហាញថា ឧបករណ៍ជំរុញដំណាក់កាលទីមួយដែលអាចប្រើឡើងវិញបានរបស់យានចម្លងនេះបានត្រលប់មកផែនដីវិញ ហើយព្យាយាមចុះចតនៅលើនាវាដូចធម្មតា ប៉ុន្តែស្រាប់តែបានធ្លាក់ចូលទៅក្នុងមហាសមុទ្របន្ទាប់ពីការរៀបចុះចតខុសបច្ចេកទេស។

អ្នកនាំពាក្យរបស់រដ្ឋបាលអាកាសចរណ៍ FAA បាននិយាយថា «ឧបទ្ទវហេតុនេះពាក់ព័ន្ធនឹងការបរាជ័យនៃឧបករណ៍ជំរុញរបស់យានចម្លង Falcon 9 ខណៈពេលចុះចតនៅលើនាវាដ្រូននៅឯសមុទ្រ។ មិនមានការរាយការណ៍ពីរបួស ឬការខូចខាតទ្រព្យសម្បត្តិសាធារណៈទេ ហើយ FAA កំពុងទាមទារឱ្យមានការស៊ើបអង្កេត»។
ការផ្អាកដំណើរការយានចម្លង Falcon 9 ជាយានដែលភាគច្រើននៃលោកខាងលិចពឹងផ្អែកដើម្បីដាក់ផ្កាយរណប និងមនុស្សនៅក្នុងលំហ គឺជារឿងកម្រណាស់។ ទោះបីជាមិនមានផ្កាយរណប ឬមនុស្សមានគ្រោះថ្នាក់ក្នុងអំឡុងបេសកកម្មកាលពីថ្ងៃពុធនេះក៏ដោយ ប៉ុន្តែការបរាជ័យចុះចតបានចង្អុលបង្ហាញថាមានអ្វីមួយខុសប្រក្រតីនៅក្នុងយាននោះ ដែល FAA ជឿថាអាចបង្កហានិភ័យខ្ពស់ក្នុងបេសកកម្មនាពេលអនាគត ប្រសិនបើមិនស៊ើបអង្កេតឱ្យបានហ្មត់ចត់៕