រដ្ឋាភិបាលចាំផ្ទះរបស់ប្រទេសបង់ក្លាដែស បានលុបចោលបម្រាមលើគណបក្សអ៊ិស្លាមដ៏ធំរបស់ប្រទេស និងក្រុមពាក់ព័ន្ធរបស់បក្សនេះកាលពីថ្ងៃពុធ (២៨ សីហា) ដោយនិយាយថា ខ្លួនមិនបានរកឃើញភស្តុតាងនៃការជាប់ពាក់ព័ន្ធរបស់ពួកគេនៅក្នុង «សកម្មភាពភេរវកម្ម» នោះទេ។

រដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រី លោកស្រី សេក ហាស៊ីណា (Sheikh Hasina) បានដាក់បម្រាមលើគណបក្ស ចាម៉ាត់ អ៊ី-អ៊ិស្លាម (Jamaat-e-Islami) ក្រោមច្បាប់ប្រឆាំងអំពើភេរវកម្ម ដោយស្តីបន្ទោសបក្សនេះថាបានបង្កឱ្យមានអំពើហិង្សាដ៏បង្ហូរឈាមក្នុងអំឡុងពេលបាតុកម្មដឹកនាំដោយនិស្សិត ដែលបានប្រែក្លាយទៅជាការបះបោរប្រឆាំងនឹងលោកស្រី Hasina ដោយបង្ខំឱ្យលោកស្រីលាលែងពីតំណែង ហើយភៀសខ្លួនទៅកាន់ឥណ្ឌា កាលពីថ្ងៃទី០៥ ខែសីហា។

ការជូនដំណឹងមួយកាលពីថ្ងៃពុធដោយរដ្ឋាភិបាលចាំផ្ទះដែលជំនួសការគ្រប់គ្រងរបស់លោកស្រី Hasina បាននិយាយថា «មិនមានភស្តុតាងជាក់លាក់ណាមួយនៃការជាប់ពាក់ព័ន្ធរបស់បក្ស Jamaat» និងសាខារបស់ខ្លួន «នៅក្នុងសកម្មភាពភេរវកម្ម» នោះទេ។

គណបក្សនេះបានបដិសេធការចោទប្រកាន់ដែលថាខ្លួនបានបង្កឱ្យមានអំពើហិង្សា ហើយបានរិះគន់បម្រាមនេះថាជារឿង «ខុសច្បាប់ ក្រៅប្រព័ន្ធតុលាការ និងមិនស្របរដ្ឋធម្មនុញ្ញ»។ សូមបញ្ជាក់ថា បក្ស Jamaat នេះមិនអាចប្រកួតប្រជែងក្នុងការបោះឆ្នោតនៅបង់ក្លាដែសបានទេ បន្ទាប់ពីតុលាការបានសម្រេចកាលពីឆ្នាំ២០១៣ ថាការចុះឈ្មោះរបស់ខ្លួនជាគណបក្សនយោបាយ ផ្ទុយនឹងច្បាប់ផ្លូវលោករបស់បង់ក្លាដែស៕