បេសកជនចិនកាលពីថ្ងៃពុធ បានជំរុញឲ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហាររបស់ខ្លួនលើប្រទេសស៊ីរី និងកងកម្លាំងបរទេសបញ្ចប់វត្តមានយោធាខុសច្បាប់របស់ពួកគេ នៅក្នុងប្រទេសស៊ីរី។

នៅក្នុងការអត្ថាធិប្បាយនៅឯសន្និសីទក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីស៊ីរី លោក កែង ស៊ង(Geng Shuang) តំណាងអចិន្ត្រៃយ៍រងរបស់ចិនប្រចាំUN បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី។

លោក បានអំពាវនាវឲ្យភាគីពាក់ព័ន្ធអនុវត្តការអត់ធ្មត់ជាអតិបរមា និងខិតខំប្រឹងប្រែងជាក់ស្តែង ដើម្បីរក្សាស្ថិរភាពនៃប្រទេសក្នុងតំបន់ រួមទាំងស៊ីរី និងបានជំរុញឲ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហាររបស់ខ្លួនលើប្រទេសស៊ីរី និងកងកម្លាំងបរទេសបញ្ចប់វត្តមានយោធាខុសច្បាប់ នៅក្នុងប្រទេសស៊ីរី។
លោកឯកអគ្គរដ្ឋទូត ក៏បានអំពាវនាវដល់ប្រទេសមហាអំណាចធំៗ នៅក្រៅតំបន់នេះ ដើរតួនាទីស្ថាបនាក្នុងការបន្ធូរបន្ថយស្ថានការណ៍ក្នុងតំបន់។
លោក កែង ស៊ង បានបញ្ជាក់ថា ប្រទេសចិន គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់បេសកជនពិសេសរបស់UN ទទួលបន្ទុកកិច្ចការស៊ីរីលោក ហ្គៀ ផេដឺសិន (Geir Pedersen) ក្នុងការបន្តធ្វើការជាមួយភាគីទាំងអស់ ស្របតាមគោលការណ៍ដឹកនាំដោយស៊ីរី និងគ្រប់គ្រងដោយស៊ីរី ហើយទន្ទឹងរង់ចាំកិច្ចសហការទៅលើយន្តការសន្ទនាដែលមានស្រាប់ ដោយផ្អែកលើការទំនាក់ទំនង និងការពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលស៊ីរី នឹងផ្តល់កម្លាំងរុញច្រាន ដើម្បីឈានដល់ដំណោះស្រាយនយោបាយ។