ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុក យ៉ូល (Yoon Suk Yeol) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាល នឹងបន្តការបង្កើនប្រាក់សោធននិវត្តន៍ជាបណ្តើរៗសម្រាប់មនុស្សជំនាន់ក្រោយ និងមនុស្សវ័យកណ្តាល ក្នុងល្បឿនខុសគ្នា ក៏ដូចជាណែនាំយន្តការ ដើម្បីបង្កើនស្ថិរភាពហិរញ្ញវត្ថុនៃប្រព័ន្ធប្រាក់សោធននិវត្តន៍ ។

លោក យូន បានគូសបញ្ជាក់អំពីវិធានការកំណែទម្រង់មួយ អំឡុងពេលសន្និសីទស្តីពីគោលនយោបាយ ខណៈដែលប្រទេសកូរ៉េខាងត្បូង កំពុងដោះស្រាយជាមួយនឹងការថយចុះយ៉ាងឆាប់រហ័សនៃមូលនិធិសោធននិវត្តន៍របស់ខ្លួន ដោយសារតែចំនួនប្រជាជនវ័យចំណាស់ និងអត្រាកំណើតដែលកំពុងធ្លាក់ចុះ។
លោកប្រធានាធិបតី បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយថា់៖«រដ្ឋាភិបាល គួរតែរៀបចំឲ្យមានធានានៃការបង់ប្រាក់សោធននិវត្តន៍ជាតិ ទៅជាច្បាប់ ដើម្បីធានាដល់យុវជនថា ពួកគេ នឹងទទួលបានប្រាក់សោធននិវត្តន៍របស់ពួកគេ»។

សេវាសោធននិវត្តន៍ជាតិដែលគ្រប់គ្រងដោយរដ្ឋ បាននិយាយមុននេះថា មូលនិធិនេះ ត្រូវបានគេព្យាករថានឹងអស់ នៅឆ្នាំ ២០៥៥ បន្ទាប់ពីបានប្រកាសពីការខ្វះខាតលើកដំបូងរបស់ខ្លួន នៅក្នុងឆ្នាំ ២០៤១។