ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍កាលពីថ្ងៃពុធថា រដ្ឋមន្ត្រីសេដ្ឋកិច្ចខាងក្រៅប្រទេសរបស់ប្រទេសកូរ៉េខាងជើង បានជួបពិភាក្សាជាមួយអនុរដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្មរបស់រុស្ស៊ី ដើម្បីពិភាក្សាអំពីវិធីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីបន្ថែមទៀត។
ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បាននិយាយដោយមិនបានបញ្ជាក់លម្អិតបន្ថែមទៀតថា លោក យុន ជុងហូ (Yun Jong-ho) និង លោក Roman Chekushov បានជួបពិភាក្សាគ្នាកាលពីថ្ងៃអង្គារ។ គណៈប្រតិភូរុស្ស៊ីដឹកនាំដោយលោក Chekushov បានមកដល់ទីក្រុងព្យុងយ៉ាង កាលពីថ្ងៃចន្ទ។
របាយការណ៍ បានបន្ថែមថា អ្នកចូលរួមផ្សេងទៀត ក៏មានលោក គីម វ៉ា ស៊ីក ( Kim Hwa-sik) អនុរដ្ឋមន្ត្រីកូរ៉េខាងជើងទទួលបន្ទុកឧស្សាហកម្មគីមីផងដែរ។
ក្រុមអ្នកសង្កេតការណ៍ បាននិយាយថា កូរ៉េខាងជើង និងរុស្ស៊ីប្រហែលជាបានពិភាក្សាគ្នាអំពីវិធី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្ម័នធ្យូងថ្ម និងឧស្សាហកម្មគីមី។
ប្រទេសកូរ៉េខាងជើង បាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រើប្រាស់ធ្យូងថ្ម ដើម្បីផលិតឧស្ម័នសំយោគ ខណៈដែលខ្លួនពិបាកក្នុងការទទួលបានប្រេង ក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។ ជាមួយនឹងឧស្ម័នធ្យូងថ្ម កូរ៉េខាងជើង មានគោលបំណងផលិតប្រេងឥន្ធនៈ និងវត្ថុធាតុដើមគីមី ប៉ុន្តែត្រូវបានគេជឿថា មានការរីកចម្រើនតិចតួច ក្នុងការសម្រេចគោលដៅ។