ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានឆ្លើយទៅមនុស្សមួយចំនួនដែលបានចូលខម៉ិនសួរការដែលសម្តេចបានចូលប្រជុំ Zoom ប៉ុន្មានថ្ងៃមុន ជាមួយក្រុមប្រឆាំងនោះ សម្តេចឆ្លើយតបថា ការចូលZOOMនោះជាការជូនសារទៅក្រុមឧទ្ទាមឲ្យភ្លឺភ្នែកថា កន្លែងណាក៏មានមនុស្សរបស់សម្តេចដែរ ។ សម្តេចបានបញ្ជាក់ថា សូមប្រយ័ត្នកុំធ្វើសកម្មភាពណាមួយប្រឆាំងផលប្រយោជន៍ជាតិ។
សម្តេចតេជោ បានបញ្ជាក់បន្ថែមថា សម្តេចពិតជាបានចូលប្រជុំតាម Zoom មែន ហើយពេលនេះគ្មានរឿងនយោបាយដែលត្រូវដោះស្រាយ ដោយការចរចានោះទេ អ្វីដែលត្រូវធ្វើគឺអ្នកមានទោសត្រូវជាប់គុក២ភាគ៣សិន ចាំគិតដល់ការលើកលែងទោស ឬបន្ធូបន្ថយទោស។
ការឆ្លើយតបច្បាស់ៗរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្រោយពីក្រុមឧទ្ទាមក្រៅច្បាប់បានវិភាគលើកខ្លួនឯងថា សម្តេចមានបំណងចង់ចរចាជាមួយក្រុមពួកឧទ្ទាម ទើបចូលទៅក្នុងតាម Zoom បែបនេះ។
សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបតាម Facebook របស់សម្តេចផ្ទាល់ ជាមួយខ្លឹមសារថា «សម្តេចបានធ្វើច្រើនណាស់ហើយក្នុងរឿងបង្រួបបង្រួមជាតិ តែពួកក្បត់ជាតិវាមិនយល់អំពីការបង្រួបបង្រួមជាតិទេ។ ពេលនេះគ្មានរឿងនយោបាយដែលត្រូវដោះស្រាយ ដោយការចចានោះទេ។ អ្វីដែលត្រូវធ្វើគឺអ្នកមានទោសត្រូវ ជាប់គុក២ទៅ៣សិន ចាំគិតដល់ការលើកលែងទោស ឬបន្ធូរបន្ថយទោស។
សម្រាប់ដំណើរការនយោបាយយើងបាន និងកំពុងឈានទៅបោះឆ្នោតឃុំសង្កាត់២០២២ និងបោះឆ្នោតថ្នាក់ជាតិ២០២៣ ដោយមានការចូលរួមពីបក្សនយោបាយ ទាំងគណបក្សចាស់ និងគណបក្សដែលទើបបង្កើតថ្មីយ៉ាងច្រើន។ សុំកុំយល់ខុសថា សម្តេចចូលក្នុង Zoom ជាមួយបងប្អូនថ្ងៃមុនថា ជាការផ្តល់សញ្ញាសម្រាប់ការចរចាឲ្យសោះ តែការចូលទៅនោះចង់ជូនសារទៅក្រុមឧទ្ទាមឲ្យភ្លឺភ្នែកថា នៅកន្លែងណាក៏មានមនុស្សរបស់ ហ៊ុន សែន ដែរ សូមប្រុងប្រយ័ត្នកុំធ្វើសកម្មភាពណាមួយ ប្រឆាំងជាមួយផលប្រយោជន៍ជាតិ។
សូមឈប់ស្រមើស្រមៃថា បក្សដែលតុលាការរំលាយនឹងរស់ឡើងវិញ .ហ៊ុន សែន នឹងលើកលែងទោសឲ្យ. ហ៊ុន សែន នឹងបើកការចរចារកដំណោះស្រាយនយោបាយ. ហ៊ុន សែន ខ្លាចអន្តរជាតិ។ល។ សង្ឃឹមថាការបកស្រាយនេះ នឹងធ្វើឲ្យអ្នកវិភាគល្ងង់ទូនិងអ្នករង់ចាំការយោគយល់ពីហ៊ុន សែនឬហ៊ុន សែនភ័យខ្លាចបានភ្លឺស្វាងឡើងវិញបន្ទាប់ពីសន្លប់ធំអស់ប៉ុន្មានថ្ងៃក្រោយzoom ៕
អត្ថបទ ៖ មុត សុទ្ធ