អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក អាម៉េដ អាបូល ហ្គេត (Ahmed Aboul-Gheit) កាលពីថ្ងៃពុធ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះប្រតិបត្តិការយោធាអ៊ីស្រាអែល ដែលបានសម្លាប់មនុស្សយ៉ាងច្រើននាពេលថ្មីៗនេះ នៅភាគខាងជើងតំបន់វេសបែង ( West Bank)។
លោក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការវាយឆ្មក់ ការវាយប្រហារយ៉ាងឃោរឃៅ និងការសម្លាប់មនុស្សយ៉ាច្រើន» ដែលធ្វើឡើងដោយអ៊ីស្រាអែល នៅភាគខាងជើងតំបន់វេសបែង រួមជាមួយនឹងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងការឡោមព័ទ្ធមន្ទីរពេទ្យនៅទីនោះ គឺជាការកើនឡើងភាព តានតឹងដ៏ធ្ងន់ធ្ងរ ដែលគំរាមកំហែងរុញច្រានតំបន់នេះ ឲ្យឈានទៅរកស្ថានភាពនៃគ្រោះមហន្តរាយ។
លោកបានបន្ថែមថា៖«វិធីសាស្រ្តឈ្លានពាននេះ មានគោលបំណង ដើម្បីបង្រ្កាបប្រជាជនប៉ាឡេស្ទីន ធ្វើឲ្យខូចដល់កិច្ចព្រមព្រៀងដែលមានស្រាប់ និងដាក់ជាឧបសម្ព័ន្ធនូវទឹកដីប៉ាឡេស្ទីន ជាផ្នែកនៃរបៀបវារៈស្តាំនិយមជ្រុល»។
លោក អាបូល ហ្គេត បាននិយាយថា អ៊ីស្រាអែល បាននិងកំពុងធ្វើសង្គ្រាមប្រល័យពូជសាសន៍ប្រឆាំងនឹងប៉ាឡេស្ទីនគ្រប់ទីកន្លែង ដោយមានគោលបំណងធ្វើឲ្យជីវិតរបស់ពួកគេ មិនអាចទ្រាំទ្របាន។