ក្រសួងការបរទេសនៃប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានស្នើសុំថវិកាជាង ១០០ពាន់លានវ៉ុន (៧៤,៨ លានដុល្លារអាមេរិក) ក្នុងការចំណាយសម្រាប់ឆ្នាំក្រោយ ដើម្បីរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC)។
ក្រសួងការបរទេស បាននិយាយថា ខ្លួនបានស្នើសុំថវិកាចំនួន ៤,៣២ សែនកោដិវ៉ុន សម្រាប់ថវិកាឆ្នាំក្រោយ កើនឡើង ៣,១ភាគរយពីការចំណាយ ក្នុងឆ្នាំនេះ។ រដ្ឋាភិបាលកាលពីថ្ងៃអង្គារ បានស្នើសុំថវិកាចំនួន ៦៧៧,៤ សែនកោដិវ៉ុន សម្រាប់ឆ្នាំក្រោយ ដែលនឹងដាក់ជូនរដ្ឋសភា ដើម្បីអនុម័ត។
ទោះបីជាមានជំហរកាត់បន្ថយការចំណាយទូទៅរបស់រដ្ឋាភិបាលក៏ដោយ ក៏ក្រសួងការបរទេស បានស្នើសុំថវិកាចំនួន ១០០,៨ ពាន់លានវ៉ុន ដើម្បីរៀបចំសម្រាប់កិច្ចប្រជុំកំពូល APEC ដែលនឹងប្រព្រឹត្តទៅ នៅទីក្រុងឆុងជូ ( Gyeongju) ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៥។
ចំនួនទឹកប្រាក់ដែលបានស្នើឡើង គឺកើនឡើងគួរឲ្យកត់សម្គាល់ពីថវិកាចំនួន ២,៥ ពាន់លានវ៉ុនក្នុងឆ្នាំនេះ ដែលកើនឡើងខ្ពស់ជាងរហូតដល់ជិត ៤០ដង។
ប្រទេសកូរ៉េខាងត្បូង នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល APEC នៅទីក្រុងឆុងជូ ចម្ងាយ ២៧៦ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល នៅឆ្នាំក្រោយ។ នេះនឹងកត់សម្គាល់ជាលើកដំបូងក្នុងរយៈពេល ២០ឆ្នាំ ចាប់តាំងពីប្រទេសកូរ៉េខាងត្បូង បានរៀបចំកិច្ចប្រជុំកំពូល APEC នៅទីក្រុងកំពង់ផែប៊ូសាន (Busan) ភាគអាគ្នេយ៍ក្នុងឆ្នាំ ២០០៥។