នាយករដ្ឋមន្ត្រីលីប៊ី លោក អាប់ឌុល អាម៉េដ ដេបា ( Abdul-Hamed Dbeibah) កាលពីថ្ងៃពុធ បានហៅការបិទតំបន់ប្រេង និងកំពង់ផែរបស់ប្រទេសនេះដោយអាជ្ញាធរមានមូលដ្ឋាននៅភាគខាងកើតថា ជាឧក្រិដ្ឋកម្មដែលត្រូវផ្តន្ទាទោសតាមច្បាប់។
លោក អាដេបា បានធ្វើការអត្ថាធិប្បាយអំឡុងពេលជួបជាមួយលោក ស្ទេបហ្វែនី គូរី (Stephanie Koury) តំណាងពិសេសរងនៃអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការនយោបាយ និងជាមន្ត្រីទទួលបន្ទុកបេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីប៊ី។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយរដ្ឋាភិបាលលីប៊ី។
សេចក្តីថ្លែងការណ៍ បាននិយាយថា៖«ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ ដើម្បីសម្រេចបាននូវមតិឯកច្ឆន្ទ និងយកឈ្នះលើ វិបត្តិនាពេលបច្ចុប្បន្ន និងតម្រូវការសម្រាប់ការគាំទ្ររបស់សហគមន៍អន្តរជាតិ ក្នុងបញ្ហានេះ»។
សេចក្តីថ្លែងការណ៍ បានបន្ថែមថា លោក ដេបា បានគូសបញ្ជាក់អំពីភាពធ្ងន់ធ្ងរនៃការបិទតំបន់ប្រេង ដោយសង្កត់ធ្ងន់លើតម្រូវការ ដើម្បីឲ្យអ្នកដែលបានប្រព្រឹត្តទង្វើដ៏អាម៉ាស់ទាំងនេះ ទទួលខុសត្រូវ»។