ក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសរុស្ស៊ី បានហាមឃាត់ជា អចិន្ត្រៃយ៍មិនឲ្យចូលប្រទេសចំពោះជនជាតិអាមេរិកចំនួន ៩២នាក់ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយប្រឆាំងរុស្ស៊ីនៃរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន។
យោងតាមសេចក្តីថ្លែងការណ៍ បានឲ្យដឹងថា ការហាមឃាត់នេះ អនុវត្តចំពោះអ្នកយកព័ត៌មានមួយចំនួនមកពីសារព័ត៌មាន Wall Street Journal, Washington Post និង New York Times។
ក្រសួង បាននិយាយថា៖«ជាការឆ្លើយតបទៅនឹងគោលនយោបាយប្រឆាំងរុស្ស៊ី ដែលបានអនុវត្តដោយរដ្ឋបាលលោក ចូ បៃដិន ជាមួយនឹងគោលដៅដែលបានកំណត់ថា«ធ្វើឲ្យទីក្រុងមូស្គូបរាជ័យជាយុទ្ធសាស្ត្រ» ជាផ្នែកសំខាន់មួយនៃការដាក់ទណ្ឌកម្មពាណិជ្ជកម្មប្រឆាំងនឹងអ្នកនយោបាយរុស្ស៊ី សមាជិកនៃសហគមន៍អាជីវកម្ម អ្នកវិទ្យាសាស្ត្រ និង ឥស្សរជនវប្បធម៌ អ្នកសារព័ត៌មាន និងអង្គការប្រព័ន្ធផ្សព្វផ្សាយ សហព័ន្ធ រុស្ស៊ី បានចេញបម្រាមជាអចិន្ត្រៃយ៍មិនឲ្យចូលប្រទេសចំពោះពលរដ្ឋអាមេរិកចំនួន ៩២នាក់»។
ក្រសួង បានបន្តថា៖«បន្ថែមពីលើមន្រ្តីនៅថ្នាក់កំពូល និងថ្នាក់ផ្សេងទៀត នៅក្នុងទីភ្នាក់ងារសន្តិសុខ និងសេវាកម្មពិសេស ប្រធានសហគ្រាសការពារជាតិសំខាន់ៗ និងស្ថាប័នហិរញ្ញវត្ថុដែលផ្គត់ផ្គង់អាវុធដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងឧបត្ថម្ភរបបក្នុងទីក្រុងគីវ បញ្ជីឈ្មោះនៃបុគ្គលដែលត្រូវហាមមិនឲ្យប្រទេសនោះ រួមមានបុគ្គលិកសារព័ត៌មាន និង អ្នកយកព័ត៌មាននៃសារព័ត៌មានសេរី-សាកលនិយមឈានមុខគេ ដែលពាក់ព័ន្ធនឹងការផលិត និងផ្សព្វផ្សាយរឿងមិនពិតអំពីរុស្ស៊ី និងកងកម្លាំងប្រដាប់អាវុធរុស្ស៊ី និងការឃោសនាបិទបាំង «សង្រ្គាមចម្រុះ»ដែលបានបញ្ចេញដោយទីក្រុងវ៉ាស៊ីនតោន»។