កងកម្លាំងអ៊ីស្រាអែល ដោយមានគ្រឿងចក្រធុនធ្ងន់ បានធ្វើដំណើរតាមដងផ្លូវនៅទីក្រុង Jenin នៅថ្ងៃព្រហស្បតិ៍នេះ ជាថ្ងៃទីពីរនៃការវាយឆ្មក់របស់អ៊ីស្រាអែលទៅលើទីក្រុងនានា នៅទូទាំងតំបន់ West Bank។
ទាហានអ៊ីស្រាអែល រាប់រយនាក់គាំទ្រដោយឧទ្ធម្ភាគចក្រ យានដ្រូន និងរថពាសដែក បានវាយឆ្មក់ទីក្រុង Jenin ក្រុងTulkarm និងក្រុងផ្សេងទៀតនៅតំបន់កាន់កាប់ West Bank កាលពីថ្ងៃពុធ ដោយបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីន យ៉ាងហោចណាស់១២នាក់។
ការវាយប្រហារនេះ គឺជាការវាយប្រហារធំបំផុតមួយនៅក្នុងតំបន់ West Bank បន្ទាប់ពីការវាយឆ្មក់ទ្រង់ទ្រាយតូចៗជាបន្តបន្ទាប់នៅតំបន់នេះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈកងកម្លាំងអ៊ីស្រាអែល បានព្យាយាមកម្ទេចក្រុមអ្នកប្រយុទ្ធមកពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។
រថយន្តរបស់កងទ័ពអ៊ីស្រាអែល ត្រូវបានគេឃើញបិទផ្លូវនៅទីក្រុង Jenin។
អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី លោក David Mancer បាននិយាយថា កងកម្លាំងអ៊ីស្រាអែលកំពុងកម្ទេច «ក្រុមភេរវករ» ដែលបង្កការគំរាមកំហែងតាមរយៈការវាយប្រហារតាមអាកាស។
អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា យ៉ាងហោចណាស់ពលរដ្ឋប៉ាឡេស្ទីន១២នាក់ ត្រូវបានសម្លាប់នៅក្នុងក្រុងផ្សេងៗគ្នានៃតំបន់ West Bank ដោយកងកម្លាំងអ៊ីស្រាអែល ក្នុងអំឡុងពេលប្រតិបត្តិការ។