សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (ទី២៨ ខែសីហា) បានច្រានចោលគំនិតឲ្យមានការផ្លាស់ទីលំនៅដ៏ធំរបស់ប្រជាជនប៉ាឡេស្ទីន នៅតំបន់កានកាប់ West Bank (វេស បែង) បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz (អ៊ីស្រាអែល ខេតហ្ស៍) បានអំពាវនាវឲ្យមាន «ការជម្លៀសបណ្តោះអាសន្ន» ចំពោះជនស៊ីវិលប៉ាឡេស្ទីន ដើម្បីធ្វើប្រតិបត្តិការមួយ។
ដោយបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដើម្បីឆ្លើយតបនឹងសំណួររបស់សារព័ត៌មាន Anadolu អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានប្រាប់ថា៖ «យើងច្រានចោលគំនិត ដែលចង់ឲ្យមានការផ្លាស់ទីលំនៅដ៏ធំរបស់ប្រជាជនប៉ាឡេស្ទីន នៅតំបន់ West Bank ទោះបីជាយើងទទួលស្គាល់ថា ការបញ្ជាឲ្យមានការជម្លៀសតាមមូលដ្ឋាន អាចចាំបាច់ក្នុងករណីខ្លះ ដើម្បីការពារអាយុជីវិតជនស៊ីវិល ក្នុងអំឡុងពេលធ្វើប្រតិបត្តិការប្រឆាំងភេរវកម្មដ៏រសើបក៏ដោយ»។
ជុំវិញការវាយលុកយោធារបស់អ៊ីស្រាអែល នៅតំបន់កាន់កាប់ West Bank អ្នកនាំពាក្យបាននិយាយថា សហរដ្ឋអាមេរិកទទួលស្គាល់នូវ «រាល់តម្រូវការសន្តិសុខជាក់ស្ដែងរបស់អ៊ីស្រាអែល ដែលរួមមានការប្រឆាំងសកម្មភាពភេរវករ នៅតំបន់ West Bank ផងដែរ»។ តែអ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា៖ «ក្នុងពេលជាមួយគ្នានេះ យើងបន្តទទូចឲ្យអាជ្ញាធរអ៊ីស្រាអែលចាត់វិធានការ ដើម្បីការពារជនស៊ីវិលទាំងអស់កុំឲ្យមានគ្រោះថ្នាក់»។
គួរបញ្ជាក់ថា កងទ័ពអ៊ីស្រាអែលកំពុងធ្វើការវាយលុកមួយ ក្នុងចំណោមការលុកផ្នែកយោធាដ៏ធំបំផុតរបស់ខ្លួន នៅតំបន់កាន់កាប់ West Bank ក្នុងរយៈពេល ២ទសវត្សរ៍មកនេះ។ ប្រតិបត្តិការនេះ រួមមានការវាយឆ្មក់ ការវាយប្រហារតាមអាកាស ហើយនិងការបំផ្លាញផ្លូវ និងអគារប៉ាឡេស្ទីន នៅទីក្រុង Jenin (ចេនីន) និងជំរុំជនភៀសខ្លួន Tulkarem (ទូលការឹម) និង Tubas (ទូបា) នៅភាគខាងជើងនៃដែនដីនេះ។ រហូតមកដល់ពេលនេះ យ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីន ១០នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីការវាយប្រហារបានចាប់ផ្តើមពេញមួយយប់ថ្ងៃអង្គារ (ទី២៧ ខែសីហា)៕