រដ្ឋាភិបាលប្រទេសប៉ូឡូញ បានអនុម័តថវិកាឆ្នាំ២០២៥របស់ខ្លួន ដោយបានបែងចែកថវិកាជិត៤៩,៣ ពាន់លានដុល្លារអាមេរិកសម្រាប់វិស័យការពារជាតិ ជាចំនួនខ្ពស់ក្នុងប្រវត្តិសាស្ត្រ។
ការចំណាយនេះ មានចំនួន៤,៧ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP) របស់ប្រទេសប៉ូឡូញ ក្នុងឆ្នាំ២០២៥ ដោយការការកើនឡើងខ្លាំងនៃការចំណាយលើវិស័យការពារជាតិ និងការវិនិយោគសំខាន់ៗ នៅក្នុងហេដ្ឋារចនាសម្ព័ន្ធ។
ក្នុងអំឡុងសន្និសីទសារព័ត៌មាន ដែលបានធ្វើឡើងកាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានបញ្ជាក់ពីចំណុចសំខាន់ៗនៃថវិកា ដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះវិស័យការពារជាតិ និងសន្តិសុខ។
ថវិកានេះ ក៏រួមបញ្ចូលផងដែរនូវការផ្តល់សម្រាប់ការដំឡើងប្រាក់ខែអប្បបរមា និងការផ្តួចផ្តើមគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាពិសេសក្នុងវិស័យថាមពល និងផ្លូវអយស្ម័យយាន។
បន្ថែមលើនេះ ថវិកាបែងចែកចំនួន៥៧,៦ពាន់លានដុល្លារ ដល់ការថែទាំសុខភាព ដែលបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់ លើសពីឆ្នាំមុន។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសប៉ូឡូញ លោក Andrzej Domanski ដែលបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានផងដែរនោះ បាននិយាយថា ថវិកា ត្រូវបានរៀបចំឡើងក្នុងពេលមានការបង្កើនល្បឿននៃកំណើនសេដ្ឋកិច្ច។