យោងតាមការសិក្សាមួយ កាលពីថ្ងៃពុធ (ទី២៨ ខែសីហា) បានឲ្យដឹងថា ចំហេះព្រៃក្នុងឆ្នាំ២០២៣ បានធ្វើឲ្យកាណាដាក្លាយជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំបំផុតជាងគេទាំង៤ នៅលើពិភពលោក ក្នុងឆ្នាំនោះ ដែលលទ្ធផលនេះបានធ្វើឲ្យមានការសង្ស័យលើសមត្ថភាពនាពេលអនាគតនៃព្រៃឈើរបស់ប្រទេសនេះ ក្នុងការចាប់យក និងរក្សាទុកកាបូនឌីអុកស៊ីតក្នុងបរិមាណដ៏ច្រើននោះ។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន កាណាដាបានជួបប្រទះនឹងមហន្តរាយចំហេះព្រៃយ៉ាងច្រើន នៅទូទាំងប្រទេស ដោយផ្ទៃដីចំនួន ១៥លានហិកតា ដែលប្រហែល ៤ភាគរយនៃផ្ទៃដីព្រៃសរុបរបស់ប្រទេសកាណាដា ត្រូវបានឆាបឆេះ ហើយមនុស្សជាង ២សែននាក់ត្រូវបានជម្លៀសចេញ។
ដោយពិនិត្យមើលទិន្នន័យផ្កាយរណប អំពីផ្សែងហុយចេញពីអគ្គិភ័យដែលបានឆាបឆេះឡើងពីខែឧសភាដល់ខែកញ្ញាឆ្នាំមុន អ្នកស្រាវជ្រាវបានកំណត់ថា បរិមាណកាបូនឌីអុកស៊ីត និងម៉ូណូអុកស៊ីតកម្រិត ២.៣៧១មេហ្គាតោន ត្រូវបានបញ្ចេញ ដែលធ្វើឲ្យប្រទេសកាណាដាឡើងពីចំណាត់ថ្នាក់លេខ១១ ដល់លេខ៤ ក្នុងចំណោមប្រទេសបញ្ចេញកាបូនដ៏ធំជាងបំផុតគេរបស់ពិភពលោក។
ប្រទេសនេះនៅពីក្រោយតែប្រទេសចិន សហរដ្ឋអាមេរិក និងឥណ្ឌាប៉ុណ្ណោះ សម្រាប់ឆ្នាំ២០២៣។ ការស្រាវជ្រាវនោះត្រូវបានចុះផ្សាយក្នុងទស្សនាវដ្ដី Nature៕